2025-09-04 12:01
40

សេអ៊ូល៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោកនឹង «គាំទ្រយ៉ាងពេញទំហឹង» ដល់កងទ័ពរុស្ស៊ី ដែលចាត់ទុកថានេះជា «កាតព្វកិច្ចជាបងប្អូន» រីឯប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានហៅទំនាក់ទំនងរបស់ប្រទេសទាំងពីរថា "ពិសេស"។ នេះយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃទី៤ កញ្ញា។

តាមការចេញផ្សាយដោយ រ៉យទ័រ បានឲ្យដឹងថា លោក គីម និង ពូទីន បានជួបប្រជុំគ្នាកាលពីថ្ងៃពុធ កន្លងទៅ នៅខាងក្រៅការប្រារព្ធខួបលើកទី ៨០ នៃជ័យជំនះក្នុងសង្គ្រាមលោកលើកទី២ នៅទីក្រុងប៉េកាំង។ អ្នកទាំងពីរបានដើរអមប្រធានាធិបតីចិន Xi Jinping នៅក្នុងការដង្ហែក្បួនយោធាដ៏ធំមួយ សម្រាប់ការជួបជុំគ្នាលើកដំបូងរបស់មេដឹកនាំប្រទេសទាំងបីចាប់តាំងពីដើមសង្គ្រាមត្រជាក់មកម្ល៉េះ។

តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ដដែលបានបន្ថែមថា លោក ពូទីន កោតសរសើរ យ៉ាងខ្លាំងចំពោះទាហានកូរ៉េខាងជើង ដែលកំពុងប្រយុទ្ធនឹងអ៊ុយក្រែន និងបាននិយាយថាទំនាក់ទំនងរបស់ប្រទេសទាំងពីរគឺជា ការជឿទុកចិត្ត មិត្តភាព និងសម្ព័ន្ធភាព។

គួរបញ្ជាក់ឲ្យដឹងថា កូរ៉េខាងជើងបានបញ្ជូនទាហាន កាំភ្លើងធំ រួមនិងមីស៊ីលទៅរុស្ស៊ី ដើម្បីគាំទ្រទីក្រុងម៉ូស្គូក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។
តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ របស់ប្រទេសកូរ៉េខាងត្បូងបានប៉ាន់ប្រមាណក្នុងសប្តាហ៍នេះថា ទាហានកូរ៉េខាងជើងប្រហែល 2,000 នាក់ ដែលត្រូវបានបញ្ជូនទៅប្រយុទ្ធក្នុងការជួយរុស្ស៊ីវាយប្រហារអ៊ុយក្រែនត្រូវបានសម្លាប់។

តាមទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ដដែលបានឲ្យដឹងថា កូរ៉េខាងជើងគ្រោងនឹងដាក់ពង្រាយទាហាន 6.០០០ នាក់បន្ថែមទៀត ប៉ុន្តែក្នុងនោះមានទាហានកូរ៉េខាងជើងត្រៀមប្រយុទ្ធប្រហែល ១.០០០ នាក់រួចហើយនៅក្នុងប្រទេសរុស្ស៊ី។

គួរបញ្ជាក់ឲ្យដឹងថា លោក Kim និងលោក Putin ធ្លាប់បានពិភាក្សាគ្នា លម្អិតអំពីផែនការរយៈពេលវែងសម្រាប់ភាពជាដៃគូ និងបានអះអាងជាថ្មីនូវឆន្ទៈរបស់ពួកគេក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឱ្យឡើងដល់កម្រិតខ្ពស់មួយ។ លើសពីនេះ កាលពីឆ្នាំមុន មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាការពារទៅវិញទៅមក ដែលអំពាវនាវឱ្យភាគីនីមួយៗ មកជួយគ្នាទៅវិញទៅមក ក្នុងករណីមានការវាយប្រហារប្រដាប់អាវុធ៕