
ភ្នំពេញ៖ យ៉ាងហោចំណាស់ មានមន្ត្រីនគរបាល ចំនួន ០២ នាក់ និងមន្ត្រីអគ្គិសនីម្នាក់ បានរងរបួសក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះរោងស្នាក់នៅរបស់កម្មករប្រមាណ ១០០បន្ទប់ និងឃ្លាំងស្តុបសម្ភារៈគ្រឿងសំណង់ក្នុងតំបន់ «OCIC» កាលពីវេលារសៀលថ្ងៃសុក្រម្សិលមិញ។
តាមរបាយការណ៍ បានឱ្យដឹងថា ករណីអគ្គិភ័យនេះ បានកើតមានឡើងនៅវេលាម៉ោងប្រមាណ ២ថ្ងៃត្រង់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងការដ្ឋានសំណងអគារធំមួយកន្លែង តំបន់ «OCIC» ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ យ៉ាងសន្ធោរសន្ធៅ។
តាមការណ៍បានឱ្យដឹងទៀតថា ជនរងគ្រោះទាំង ០៣ នាក់ រួមមាន៖ ទី១- ឈ្មោះ នឹម ដេរឹត ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរក្រុមជំនួយស្ម័គ្រចិត្តការិយាល័យបង្ការ និងការពន្លត់អគ្គិភ័យអគ្គិភ័យ, ២- ឈ្មោះ យ៉ុត នរៈពិទូ ភេទប្រុស អាយុ ២០ឆ្នាំ ក្រុមជំនួយស្ម័គ្រចិត្តការិយាល័យបង្ការ និងការពន្លត់អគ្គិភ័យអគ្គិភ័យ និង ទី៣- ឈ្នោះ ញន វីរ៉ូត ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរជាងផ្នែកអគ្គិសនី។
ក្នុងប្រតិបត្តិការពន្លត់ករណីអគ្គិភ័យខាងលើ កម្លាំងសមត្ថកិច្ចចម្រុះប្រើប្រាស់ឡានទឹកអស់ ចំនួន ៦៦ គ្រឿង រួមមាន៖ រថយន្តការិយាល័យពន្លត់អគ្គិភ័យ, រថយន្តជំនួយក្រសួងមហាផ្ទៃ, រថយន្តកងពលតូច “ង៧០”, រថយន្តទីក្រុងជ្រោយចង្វារ, រថយន្តទីក្រុងកោះពេជ្រ, រថយន្តទីក្រុងអូឡាំព្យា, រថយន្តទីក្រុងនរា, រថយន្តរដ្ឋបាលខណ្ឌជ្រោយចង្វារ, រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា បាញ់ឲ្យរលត់ជាស្ថាពរ។
ជុំវិញករណីនេះ ក្រុមកម្មករបាននិយាយថា មុនកើតហេតុពួកគាត់បានចាក់សោចេញពីបន្ទប់ស្នាក់នៅទៅកាន់កន្លែងធ្វើការដូចសព្វមួយដង។ លុះមួយសន្ទុះធំក្រោយមក ក៏ស្រាប់តែមានផ្សែងហុយចេញពីជាន់ខាងលើ នៃបន្ទប់ស្នាក់នៅលាយឡំអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅឆាប់រហ័សបំផុត និងនាំគ្នាប្រញាប់រត់ចេញពីកន្លែងធ្វើការមកកាន់ទីតាំងកើតហេតុ ដើម្បីសុំការអន្តរាគមន៍ពីសមត្ថកិច្ចឲ្យជួយចុះមកពន្លត់កុំឲ្យមានការរាលដាល។
សូមបញ្ជាក់ថា ទីតាំងដែលឆាបឆេះនេះ ជាឃ្លាំងស្តុកសម្ភារៈផ្គត់ផ្គង់សំណង់ងាយឆាបឆេះ ដូចជា សាំងក្រអូប ថ្នាំបាញ់ លាប និងសម្ភារៈផ្សេងៗជាច្រើនទៀត។ ចំពោះមូលហេតុនៃការឆេះនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវផងដែរ៕




