
ហាណូយ៖ វៀតណាមបានបិទអាកាសយានដ្ឋាន និងជម្លៀសមនុស្សរាប់ពាន់នាក់ នៅក្នុងតំបន់ដែលកំពុងទទួលរងឥទ្ធិពលពីព្យុះទីហ្វុង Bualoi នៅថ្ងៃអាទិត្យនេះ ខណៈដែលព្យុះនេះកាន់តែមានកម្លាំងខ្លាំង។ នេះបើតាមការរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី២៨ កញ្ញា។
យោងតាមទីភ្នាក់ងារព្យាករណ៍អាកាសធាតុរបស់ប្រទេសវៀតណាម បានឱ្យដឹងថា ព្យុះទីហ្វុង Bualoi មានល្បឿនខ្យល់រហូតដល់ ១៣៣ គីឡូម៉ែត្រក្នុងមួយម៉ោងដែលមានចលនាយ៉ាងលឿន ជិតពីរដងនៃល្បឿនជាមធ្យម ហើយត្រូវបានគេរំពឹងថា វានឹងបោកបក់នៅភាគកណ្តាលប្រទេសវៀតណាមនៅល្ងាចថ្ងៃអាទិត្យនេះ លឿនជាងការព្យាករណ៍មុនៗ ដោយសារវាកំពុងធ្វើដំណើរយ៉ាងលឿន។
តាមរយៈល្បឿនដ៏ខ្លាំងក្លានេះ វាអាចបង្កឱ្យមានគ្រោះមហន្តរាយធម្មជាតិជាច្រើនក្នុងពេលដំណាលគ្នាផងដែរ រួមទាំងខ្យល់បក់ខ្លាំង ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ ការបាក់ដី និងការជន់លិចតាមឆ្នេរសមុទ្រជាដើម។
រដ្ឋាភិបាលវៀតណាមបាននិយាយថា អាជ្ញាធរនៅភាគកណ្តាលនៃខេត្ត Ha Tinh បានចាប់ផ្តើមជម្លៀសមនុស្សជាង ១៥,000 នាក់ រីឯអាជ្ញាធរអាកាសចរណ៍ស៊ីវិល ក៏បានបន្ថែមដែរថា ប្រទេសវៀតណាមបានផ្អាកប្រតិបត្តិការនៅអាកាសយានដ្ឋានឆ្នេរចំនួនបួនចាប់ពីថ្ងៃអាទិត្យនេះ និងបានកែសម្រួលពេលវេលាចេញដំណើរនៃជើងហោះហើរជាច្រើនផងដែរ៕
