2025-09-30 15:24
34

ថៃ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២៥ នៅវិមានរដ្ឋសភា វេលាម៉ោង ១១:១០ នាទីយប់ លោកស្រី Mon Phon Charoensri សមាជិកសភា មកពីគណបក្សភឿថៃ (PTP) បានដាក់ការសង្ស័យនិងរិះគន់ថា ការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីលើកនេះ មិនមែនជាប្រព័ន្ធជ្រើសរើសធម្មតាតាមប្រព័ន្ធសភាទេ។ 

តាមការចេញផ្សាយពីសារព័ត៌មានស្រុកថៃបានឲ្យដឹងថា លោកស្រី Mon Phon Charoensri សមាជិកសភា មកពីគណបក្សភឿថៃ (PTP) បានរិះគន់ លោក អានុទីន ថា ជារដ្ឋាភិបាលបណ្តោះអាសន្ន ដែលមានគោលបំណងបិទសំណុំរឿងបោះឆ្នោត និងផ្តល់ផលប្រយោជន៍ដល់ក្រុមបក្ខពួក។ 

លោកស្រី បន្ថែមថា ការប្រកាសជាសាធារណៈរបស់លោក Anutin ថាលោកនឹងក្លាយជារដ្ឋាភិបាលបណ្តោះអាសន្នរយៈពេល ៤ ខែ ប៉ុន្តែដោយសារសកម្មភាពជាច្រើនរបស់លោក ចាប់ពីការតែងតាំងបក្ខពួក ដល់ការផ្ទេរមន្ត្រីរាជការដែលអាចត្រូវបានមើលឃើញថា សុទ្ធតែជាបក្ខពួករបស់លោកទៅកាន់ក្រសួងផ្សេងៗ។ 

លោកស្រី Mon Phon Charoensri ដាក់ការសង្ស័យថា ការធ្វើឡើងនេះដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់លោក អានុទីន ប៉ុណ្ណោះមិនមែនដើម្បីជាតិនោះទេ។

លោកស្រី ម៉ាណូផន បន្តគាស់កកាយអតីតកាលរបស់ លោក អានុទីន ថា កាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ នៅពេលដែលលោក អានុទីន ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ការផ្ទេរតំណែងមន្ត្រីរាជការធំជាង ៣០ មុខតំណែងបានកើតឡើងភ្លាមៗដោយមិនគួរឲ្យជឿ។

សមាជិកសភាខាងលើ បានចោទសួរ លោក អានុទីន ថា តើគោលនយោបាយសំខាន់ៗដែល លោកបានប្រកាសអាចត្រូវបានអនុវត្តយ៉ាងពិតប្រាកដក្នុងរយៈពេល ៤ ខែខាងមុខ ដែរឬទេ ឬគ្រាន់តែប្រកាសឡើងដើម្បីទទួលបានការទាក់ទាញនៅក្នុងការបោះឆ្នោតនាពេលខាងមុខ?

លោកស្រី ម៉ាណូផន រិះគន់នាយករដ្ឋមន្រ្តីថៃថ្មីដោយមិនសំចៃបន្តថា រដ្ឋាភិបាលបណ្តោះអាសន្ននេះត្រូវបានបង្កើតឡើងសម្រាប់តែអំណាចនយោបាយប៉ុណ្ណោះ ប៉ុន្តែមិនមានការផ្តោតសំខាន់លើការជំរុញការអភិវឌ្ឍន៍ជាតិទេ។ 

ផ្ទុយទៅវិញ រដ្ឋាភិបាលចង់បានអំណាច ប្រើប្រាស់ប្រព័ន្ធការិយាធិបតេយ្យជាបណ្តាញនយោបាយ និងប្រើប្រាស់គោលនយោបាយប្រជាធិបតេយ្យជាប់លាប់ ដែលជាបន្ទុកដល់ប្រព័ន្ធវិន័យសារពើពន្ធរបស់ប្រទេសទៅវិញ។ 

នេះរួមបញ្ចូលទាំងការបង្កើតបំណុលសម្រាប់មនុស្សជំនាន់ក្រោយ និងការជំរុញគម្រោងដែលមានទំហំធំពេក សម្រាប់របៀបវារៈរបស់រដ្ឋាភិបាលថែមទៀតផង៕