2025-09-30 18:08
29

តុលាការរដ្ឋធម្មនុញ្ញ បានសម្រេចឲ្យបន្តសំណុំរឿងប្រឆាំងនឹងអតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិ លោក Phumtham Wechayachai និង អតីតរដ្ឋមន្ត្រីយុត្តិធម៌ លោក Pol Col Tawee Sodsong ទោះបីជាពួកគេមិនមានតួនាទីក្នុងរដ្ឋាភិបាលថ្មីទៀតក៏ដោយ។ ការសម្រេចនេះ ត្រូវបានអនុម័តដោយចៅក្រមភាគច្រើន បោះឆ្នោតសម្រេច ៦ទល់២ ដោយយោងហេតផលថា «ជាករណីដែលពាក់ព័ន្ធនឹងផលប្រយោជន៍សាធារណៈ»។

ករណីនេះចាប់ផ្តើមពីសំណើរព្រឹទ្ធសភា ដែលចោទប្រកាន់ថា អតីតរដ្ឋមន្ត្រីទាំងពីរ បានជ្រៀតជ្រែកកិច្ចការគណៈកម្មាធិការបោះឆ្នោត ដោយប្ដូរបទល្មើសពាក់ព័ន្ធនឹងការជ្រើសរើសព្រឹទ្ធសភា ឲ្យក្លាយជាករណីពិសេស និងប្រើអធិការដ្ឋានស៊ើបអង្កេតពិសេស (DSI) ដើម្បីចង្កោមសមាជិកព្រឹទ្ធសភា។ សំណើរនេះ អះអាងថា «ជាការរំលោភស្តង់ដារអត្តចរិតតាមរដ្ឋធម្មនុញ្ញ និងបំផ្លាញគោលការណ៍បំបែកអំណាច»។

មុននេះ តុលាការបានផ្អាកសិទ្ធិ របស់លោក Pol Col Tawee Sodsong ក្នុងការគ្រប់គ្រង DSI និងតួនាទីជាអនុប្រធានក្រុមប្រឹក្សាករណីពិសេស។ ចំណែក លោក Phumtham Wechayachai មិនត្រូវបានផ្អាកទេ ព្រោះគ្មានភស្តុតាងគ្រប់គ្រាន់បង្ហាញពីការជ្រៀតជ្រែក។

ខណៈពេលដែលសំណុំរឿងដំណើរការបន្ត គណៈរដ្ឋមន្ត្រីមុនដឹកនាំដោយ អតីតនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra បានបញ្ចប់ បន្ទាប់ពីការសម្រេចរបស់តុលាការធម្មនុញ្ញដាច់ដោយឡែកពីគ្នាលើសំណុំរឿងបែកធ្លាយសារសំឡេង របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ នាយករដ្ឋមន្ត្រី Anutin Charnvirakul ត្រូវបានតែងតាំងនៅថ្ងៃទី០៧ ខែកញ្ញា ហើយគណៈរដ្ឋមន្ត្រីថ្មីបានស្បថចូលកាន់តំណែងនៅថ្ងៃទី២៤ ខែកញ្ញា ដោយមិនរាប់បញ្ចូល លោក Phumtham និង លោក Tawee ដែលបញ្ចប់អាណត្តិជារដ្ឋមន្ត្រីរបស់ពួកគេប្រកបដោយប្រសិទ្ធភាព។

ចៅក្រមភាគច្រើនបានបញ្ជាក់ថា «ការបន្តសំណុំរឿងក្តីនេះ គឺដើម្បីថែរក្សាប្រយោជន៍សាធារណៈ ខណៈដែលចៅក្រម ២រូប ផ្តល់មតិយោបល់ផ្ទុយថា មិនចាំបាច់បន្តទៀតទេ ព្រោះអ្នកជម្លោះទាំងពីរមិនកាន់តំណែងរដ្ឋមន្ត្រី»៕