
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ នៃព្រះរាជាណាចក្រកម្ពុជា និងកងបញ្ជាការការពារព្រំដែន ចន្ទបុរី-ត្រាត នៃព្រះរាជាណាចក្រថៃ គ្រោងនឹងត្រូវធ្វើនៅក្នុងអំឡុងខែតុលាខាងមុខនេះ។
អ្នកនាំពាក្យបានឱ្យដឹងទៀតថា យោធភូមិភាគទី៣ របស់កម្ពុជា បានបញ្ជូនលិខិតអញ្ជើញរួចហើយទៅកងបញ្ជាការការពារព្រំដែន ចន្ទបុរី-ត្រាត របស់ថៃ ដើម្បីជួបប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) ដែលគ្រោងនឹងរៀបចំធ្វើនៅថ្ងៃទី០៤ ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ នៅខេត្តកោះកុង ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ក្នុងសេចក្តីប្រកាសព័ត៌មាន បានសង្កត់ធ្ងន់ថា «កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នេះមានគោលបំណង ដើម្បីជំរុញការបន្តអនុវត្តបទឈប់បាញ់រវាងកម្ពុជា និងថៃ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ»៕