2025-10-04 09:41
55

ក្រុងគែរ/វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ៊ីស្រាអែលកាលពីថ្ងៃសុក្រ ឱ្យបញ្ឈប់ជាបន្ទាន់នូវការទម្លាក់គ្រាប់បែកលើតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមហាម៉ាស់បានយល់ព្រមដោះលែងចំណាប់ខ្មាំង និងលក្ខខណ្ឌមួយចំនួនផ្សេងទៀតនៅក្នុងផែនការរបស់សហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្រ្គាម។ នេះបើតាមការរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី៤ តុលា នេះ។

ការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយថា អ៊ីស្រាអែលកំពុងរៀបចំសម្រាប់ "ការអនុវត្តភ្លាមៗ" នៃដំណាក់កាលដំបូងនៃផែនការ Gaza របស់លោក Trump សម្រាប់ការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល បន្ទាប់ពីការឆ្លើយតបរបស់ពួកហាម៉ាស។

បន្ថែមពីនេះ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកាលពីថ្ងៃសុក្រ ក៏បានចេញការឆ្លើយតបរបស់ពួកគេចំពោះផែនការ ២០ ចំណុចរបស់លោក Trump ផងដែរ បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានផ្តល់រយៈពេលឱ្យក្រុមហាម៉ាសរហូតដល់ថ្ងៃអាទិត្យដើម្បីទទួលយកឬប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរនោះ។

គួរឲ្យដឹងថា លោក Trump ដែលបានចាត់ទុកខ្លួនឯងថា ជាមនុស្សតែម្នាក់គត់ដែលអាចសម្រេចបានសន្តិភាពនៅតំបន់ហ្គាហ្សា បានវិនិយោគទុននយោបាយដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាមរយៈពេលពីរឆ្នាំ ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងទុកឱ្យសម្ព័ន្ធមិត្តរប់ខ្លួនគឺអ៊ីស្រាអែលកាន់តែឯកោនៅលើឆាកអន្តរជាតិ។

លោក Trump បាននិយាយ គាត់ជឿថាក្រុមហាម៉ាស់បានបង្ហាញពីការត្រៀមខ្លួនជាស្រេចសម្រាប់សន្តិភាពយូរអង្វែង ហើយគាត់ក៏បានដាក់បន្ទុកលើរដ្ឋាភិបាលរបស់ លោក Netanyahu ផងដែរ ដោយនិយាយថា «អ៊ីស្រាអែលត្រូវបញ្ឈប់ការទម្លាក់គ្រាប់បែកនៅហ្គាហ្សាជាបន្ទាន់ ដើម្បីយើងអាចយកចំណាប់ខ្មាំងចេញដោយសុវត្ថិភាព និងឆាប់រហ័ស!» ។

ឆ្លើយតបនឹងការលើកឡើងរបស់ ត្រាំ ការិយាល័យរបស់ លោក Netanyahu បាននិយាយថា អ៊ីស្រាអែល "នឹងបន្តធ្វើការក្នុងកិច្ចសហប្រតិបត្តិការពេញលេញជាមួយប្រធានាធិបតី និងក្រុមរបស់គាត់ ដើម្បីបញ្ចប់សង្រ្គាមស្របតាមគោលការណ៍កំណត់ដោយអ៊ីស្រាអែល ដែលស្របតាមចក្ខុវិស័យរបស់ប្រធានាធិបតី Trump" ៕