2025-10-04 12:21
62

MUNICH, ថ្ងៃទី៣ ខែតុលា (Reuters) - ផ្លូវរត់ទាំងពីរនៅអាកាសយានដ្ឋាន Munich ប្រទេសអាល្លឺម៉ង់ ត្រូវបានបិទនៅល្ងាចថ្ងៃសុក្រជាលើកទីពីរក្នុងរយៈពេលតិចជាង ២៤ ម៉ោង បន្ទាប់ពីយន្តហោះគ្មានមនុស្សបើកត្រូវបានមើលឃើញម្តងទៀតដែលនាំឱ្យជើងហោះហើរជាច្រើនត្រូវបានបង្វែរ ឬលុបចោលនិងជាប់គាំងអ្នកដំណើរប្រហែល ៦,៥០០ ។ នេះបើតាមការរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី៤ តុលា ។

នៅព្រឹកថ្ងៃសៅរ៍នេះ អាកាសយានដ្ឋាន Munich បាននិយាយថា ការបើកដំណើរការរបស់ខ្លួននៅម៉ោង៥ ព្រឹក ត្រូវបានពន្យារពេលដោយសារតែមើលឃើញយន្តហោះគ្មានមនុស្សបើក។ យោងតាមការជូនដំណឹងពីអាកាសយានដ្ឋានបានឲ្យដឹងថា ជើងហោះហើរចំនួន ២៣ ត្រូវបានបង្វែរការហោះហើរចំនួន ១២ ទៅកាន់ទីក្រុង Munich វិញ និងការចាកចេញចំនួន ៤៨ ត្រូវបានលុបចោល ឬពន្យារពេលតែម្ដង។

គួរបញ្ជាក់ឲ្យដឹងថា អាកាសយានដ្ឋាន Munich របស់អាល្លឺម៉ង់ ត្រូវបានបិទអស់រយៈពេលជាច្រើនម៉ោងកាលពីល្ងាចថ្ងៃព្រហស្បតិ៍កន្លងទៅ បន្ទាប់ពីប្រទះឃើញយន្តហោះគ្មានមនុស្សបើកដែលមិនមានការបញ្ជាក់ និងបានរំខានដល់ជើងហោះហើរជាច្រើនរបស់ប្រទេសនេះ។ 

ខណៈនេះ អាកាសចរណ៍អ៊ឺរ៉ុបបានធ្លាក់ចូលទៅក្នុងភាពវឹកវរម្តងហើយម្តងទៀតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារតែប្រទះឃើញយន្តហោះគ្មានមនុស្សបើកដែលអាជ្ញាធរមួយចំនួនបានស្តីបន្ទោសលើប្រទេសរុស្ស៊ី។ ប៉ុន្តែវិមានក្រឹមឡាំងបានបដិសេធភ្លាមជាមួយការជាប់ពាក់ព័ន្ធនេះ៕