
វ៉ាស៊ីនតោន៖ បំណងប្រាថ្នារបស់រដ្ឋបាល Trump ក្នុងការបញ្ជូនមីស៊ីលរយៈចម្ងាយ Tomahawk ទៅកាន់អ៊ុយក្រែន ប្រហែលជាមិនអាចសម្រេចបានឡើយ ដោយសារតែស្តុកអាវុធបច្ចុប្បន្នត្រូវបានប្តេជ្ញាចិត្តចំពោះកងទ័ពជើងទឹកសហរដ្ឋអាមេរិក និងការប្រើប្រាស់ផ្សេងៗទៀតប៉ុណ្ណោះ នេះយោងតាមមន្រ្តីអាមេរិក និងប្រភពចំនួនបីទៀតបានអះអាង។
តាមការចេញផ្សាយពីសារព័ត៌មាន The Kyiv Independent នៅថ្ងៃទី៧ តុលា នេះបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃទី៦ ខែតុលា ថា លោកបានធ្វើការសម្រេចចិត្តមួយ ថាតើត្រូវផ្គត់ផ្គង់ឲ្យអ៊ុយក្រែននូវមីស៊ីលរយៈចម្ងាយឆ្ងាយ Tomahawk ដែរឬទេ។
ចំពេលមានការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានកាលពីថ្ងៃទី៥ ខែតុលា កន្លងទៅថា និន្នាការ វិជ្ជមាន នៅក្នុងទំនាក់ទំនងរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក នឹងត្រូវបានបំផ្លាញ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនមីស៊ីល Tomahawk ទៅកាន់អ៊ុយក្រែន។
តាមការរាយការណ៍ពីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ នៅថ្ងៃទី៧ តុលា ដដែលបានឲ្យដឹងថា អនុប្រធានាធិបតីអាមេរិក លោក JD Vance បាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងវ៉ាស៊ីនតោនកំពុងពិចារណាលើសំណើរបស់អ៊ុយក្រែន ដើម្បីទទួលបានមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលអាចបង្កើតការបំផ្លិចបំផ្លាញយ៉ាងជ្រៅទៅក្នុងប្រទេសរុស្ស៊ី រួមទាំងទីក្រុងម៉ូស្គូផងដែរ។
តាមប្រភពពីមន្ត្រីអាមេរិកម្នាក់ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកអាចនឹងពិនិត្យមើលការអនុញ្ញាតឱ្យសម្ព័ន្ធមិត្តអឺរ៉ុបទិញអាវុធរយៈចម្ងាយឆ្ងាយផ្សេងទៀត និងផ្គត់ផ្គង់ដល់អ៊ុយក្រែន ប៉ុន្តែ មីស៊ីល Tomahawks ទំនងជាមិនអាចទៅរួចនោះទេ។
គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដើម្បីជួយអ៊ុយក្រែនកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី អាចជួយប្រទេសនេះ ពង្រីកសមត្ថភាពវាយប្រហាររបស់ខ្លួនយ៉ាងសំខាន់ ដោយអាចបាញ់ដល់គោលដៅជ្រៅក្នុងទឹកដីរុស្ស៊ី រួមទាំងមូលដ្ឋានយោធា មជ្ឈមណ្ឌលដឹកជញ្ជូន អាកាសយានដ្ឋាន និងមជ្ឈមណ្ឌលបញ្ជាផ្សេងៗទៀត។
វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រសិនបើសហរដ្ឋអាមេរិកផ្តល់ មីស៊ីល Tomahawks ដល់អ៊ុយក្រែន វានឹងបង្កឱ្យមានការកើនឡើងដ៏គ្រោះថ្នាក់ថ្មីមួយរវាងរុស្ស៊ី និងលោកខាងលិច៕
