
ថៃ៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ឯក Ruttapon Naowarat រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដោះស្រាយលើសំណើសុំលើកលែងទោសពីព្រះមហាក្សត្រចំពោះអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា។
តាមការចេញផ្សាយពីសារព័ត៌មានស្រុកថៃ បានឲ្យដឹងថា ឧត្តមសេនីយ៍ឯក Ruttapon Naowarat បញ្ជាក់ថា ដំណើរការឲ្យទណ្ឌិត ឬអ្នកដែលមានផលប្រយោជន៍ពាក់ព័ន្ធដាក់ញត្តិទៅព្រះមហាក្សត្រ សុំការលើកលែងទោស នៅពេលដែលសំណុំរឿងចប់សព្វគ្រប់ គឺត្រូវបញ្ជូនសំណុំរឿងទៅព្រះមហាក្សត្រ ដើម្បីលើកលែងទោសតាមមាត្រា ២៥៩ នៃក្រមនីតិវិធីព្រហ្មទណ្ឌ។ ហើយចំពោះសំណុំរឿងនេះ ត្រូវបានបញ្ជូនមកលេខាធិការដ្ឋានខុទ្ទកាល័យដើម្បីពិនិត្យនិងបញ្ជូនបន្តទៅព្រះមហាក្សត្រតាមនីតិវិធី។
បច្ចុប្បន្ន សម្រាប់ព័ត៌មានចុងក្រោយបំផុតនោះ យោងតាមសេចក្តីរាយការណ៍នៅថ្ងៃទី៦ តុលា បញ្ជាក់ថា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានច្រានចោលសំណើសុំព្រះរាជទានលើកលែងទោសរបស់លោកថាក់ស៊ីនហើយ។
ដោយ ឧត្តមសេនីយ៍ឯក រ៉េត តាប៉ូល បានបញ្ជាក់ពីគំនិតដើមរបស់ អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដែលបានយល់ឃើញថា ជាការសមរម្យក្នុងការបដិសេធការប៉ុនប៉ងដាក់ញត្តិដោយអ្នកទោស ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដូចដែលបានស្នើឡើងដោយនាយកដ្ឋានកែតម្រូវ។
លទ្ធផលនេះធ្វើឲ្យលោកថាក់ស៊ីនត្រូវឃុំខ្លួនក្នុងពន្ធនាគាររយៈពេល១ឆ្នាំតាមសាលក្រមរបស់តុលាការកំពូល៕

