2025-11-03 07:50
150

ព្រះសីហនុ៖ យុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រុមការងារអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំ និងសម្របសម្រួលដោយព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ បានចុះផ្អាក និងបិទអាជីវកម្មកាស៊ីណូ ចំនួន ០៤ កន្លែង ដោយសង្ស័យជាប់ពាក់ព័ន្ធបទល្មើសប្រឆាំងបច្ចេកវិទ្យា។

អនុវត្តតាមបទបញ្ជាលេខ ០១ បប របស់រាជរដ្ឋាភិបាល ស្តីពី យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៩និង០០នាទីព្រឹក ក្រុមការងាររបស់អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. និងអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ ឧត្តមសេនីយ៍ឯក សៀង សេន អគ្គលេខាធិការរង គ.ល.ក. សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ មន្ទីរការងារខេត្តព្រះសីហនុ ដែលដឹកនាំ និងសម្របសម្រួលនីតិវិធី ដោយ លោក ឈីវ អ៊ិចគង់ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានចុះផ្អាក និងបិទអាជីវកម្ម (បិទ Seal) កាស៊ីណូ ចំនួន ០៤ កន្លែង នៅក្រុង-ខេត្តព្រះសីហនុ។

ការចុះផ្អាក និងបិទអាជីវកម្មកាស៊ីណូទាំង៤ ខាងលើ ដោយយោងតាមសេចក្តីសម្រេចលេខ ០២៨ គ.ល.ក. សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពី ការព្យួរអាជ្ញាបណ្ណរបស់ ក្រុមហ៊ុន ជីន ប៉ី គ្រុប ឯ.ក ដែលមានកាស៊ីណូឈ្មោះ «ជីន ប៉ី» គ្រុប។ សេចក្តីសម្រេចលេខ ០២៩ គ.ល.ក. សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពីការព្យួរអាជ្ញាបណ្ណរបស់ ក្រុមហ៊ុន ខេមបូឌាន ហេង ស៊ីន រៀល អ៊ីស្ទេត ឯ.ក ដែលមានកាស៊ីណូឈ្មោះ «ជីន ប៉ី»។ សេចក្តីសម្រេចលេខ ០៣០ គ.ល.ក. សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពី ការព្យួរអាជ្ញាបណ្ណរបស់ ក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក ដែលមានកាស៊ីណូឈ្មោះ «ជី.ស៊ី» កាស៊ីណូ និងសេចក្តីសម្រេចលេខ ០៣១ គ.ល.ក. សសរ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ស្តីពី ការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន ជី.ស៊ី មេឌា ឯ.ក ដែលមានកាស៊ីណូឈ្មោះ កាស៊ីណូ «ជីន ប៉ី ៤» ដោយសង្ស័យប្រព្រឹត្តបទល្មើសលួចលាក់បង្កប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

ចំពោះការបង្ក្រាបនេះមានគោលបំណងបញ្ឈប់បណ្តាញឧក្រិដ្ឋកម្មអនឡាញដែលប្រើប្រាស់កាស៊ីណូ និងសណ្ឋា​គា​រជាទីលាក់លៀមសកម្មភាព។ ការចុះផ្អាក និងបិទអាជីវកម្មទាំងនេះ ក៏បង្ហាញពីការប្តេជ្ញារបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា ដែលអាចបង្កគ្រោះថ្នាក់ដល់សង្គម និងជនរងគ្រោះជុំវិញពិភពលោក៕