2025-11-08 10:44
10

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅស្នាក់គយថៃ ទល់មុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុមជំនាញអង្គភាព CMAC និង TMAC បានជួបប្រជុំពិភាក្សានិយាមកាប្លង់ចម្ការមីនអាទិភាពសាកល្បង និងផ្ទៀងផ្ទាត់និយាមកាប្លង់ចម្ការមីន និងចុះត្រួតពិនិត្យទីតាំងចម្ការមីន ត្រង់បង្គោលលេខ ៤៧ បច្ចុប្បន្ន ស្ថិតនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់របស់ លោក ហេង រតនា អគ្គនាយកអង្គភាព ស៊ីម៉ាក់ នៅព្រឹកថ្ងៃសៅរ៍នេះ។

លោក ហេង រតនា បានបញ្ជាក់ថា៖ «លទ្ធផលនៃកិច្ចប្រជុំនេះ បានបោះជំហានទៅមុខជាមួយភាពកាន់ច្បាស់លាស់ក្នុងកិច្ចប្រតិបតិ្តការបោសសម្អាតមីនមនុស្សធម៌តាមព្រំដែន ក្នុងដំណាកកាលសាកល្បង ដោយធានាបានគុណភាព សុវត្ថិភាព បូរណភាពទឹកដី និងបង្កើតទំនុកចិត្តគ្នាទៅវិញទៅមក។ រូបភាពសកម្មភាពដោះមីនបើកផ្លូវសុវត្ថិភាព ដើម្បីក្រុមការងារ CMAC និង TMAC ព្រមទាំងក្រុមអ្នកសង្កេតការណ៍ AOT បានចុះទៅពិនិត្យតំបន់ចម្ការមីនស្ថិតបង្គោលព្រំ ៤៧ បច្ចុប្បន្ន»។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវេលាម៉ោង ១២និង០៥នាទីថ្ងៃត្រង់នេះ ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) កម្ពុជា-ថៃ លើការងារដោះមីនមនុស្សធម៌បានប្រគល់ភារកិច្ចជូន ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនថៃ (TMAC) ឱ្យជួបប្រជុំពិភាក្សាការងារបច្ចេកទេស ដើម្បីពិនិត្យតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែន ដែលស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ របស់កម្ពុជា ទល់មុខ ឃុំណូនម៉ាកម៉ូន ស្រុកគោកស៊ូង ខេត្តស្រះកែវ របស់ថៃ។ កិច្ចប្រជុំពិភាក្សានៅថ្ងៃនេះរៀបចំឡើង ស្របតាមការសម្រេចរបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥កន្លងទៅនេះ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា «កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមការសង្កេតការណ៍ របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដើម្បីតាមដាន និងផ្ទៀងផ្ទាត់។ ការជួបប្រជុំពិភាក្សា និងការអនុវត្តការងារត្រូវតែគោរពតាមគោលការណ៍ និងនិយាមនីតិវិធីប្រតិបត្តិ (SOP) ដែលក្រុមការងារសម្របសម្រួលចម្រុះ (JCTF) នៃប្រទេសទាំងពីរបានឯកភាពគ្នា»។
ជាមួយគ្នានេះ ការងារដោះមីនមនុស្សធម៌នេះត្រូវគោរពតាមគោលការណ៍ការពារអធិបតេយ្យ និងបូរណភាពទឹកដីដោយម៉ឺងម៉ាត់ ព្រមទាំងឈរលើស្មារតីគោរពគ្នាទៅវិញទៅមក៕