2025-11-08 10:49
11

ភ្នំពេញ៖ ក្នុងខែតុលា ឆ្នាំ២០២៥នេះ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេច ចុះបញ្ជីគម្រោងវិនិយោគ សរុបចំនួន ២៩ គម្រោង ក្នុងទំហំទុនវិនិយោគ សរុបប្រមាណ ១,៤ ប៊ីលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៥ ពាន់កន្លែង។ 

ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ១៨ គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ១១ គម្រោង។ 

ក្នុងរយៈពេល១០ខែ នៃឆ្នាំ២០២៥នេះ CDC បានសម្រេចុះបញ្ជីគម្រោងវិនិយោគ ចំនួន ៥៧៥ គម្រោង ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ ៩,២ ប៊ីលានដុល្លារអាម៉េរិក គឺគម្រោងវិនិយោគមានការកើនឡើង ចំនួន ២២៩ គម្រោង ស្មើនឹងប្រមាណ ៦៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជិត ៣,៧ ប៊ីលានដុល្លារអាម៉េរិក ស្មើ នឹងប្រមាណ ៦៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ដែលមានគម្រោងវិនិយោគត្រឹមតែ ៣៤៦ គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៥,៥ ប៊ីលានដុល្លារអាម៉េរិក។ 

ជាការកត់សម្គាល់ត្រឹមតែរយៈ ពេល១០ខែ CDC បានចុះបញ្ជីគម្រោងវិនិយោគលើសការចុះបញ្ជីគម្រោងវិនិយោគពេញមួយឆ្នាំ២០២៤ រហូតដល់ទៅ ១៦១ គម្រោង។
ក្រៅតំបន់សេដ្ឋកិច្ចពិសេស រួមមាន គម្រោងវិនិយោគសាងសង់ និងប្រតិបត្តិការព្រែកជីកហ្វូណនតេជោ ទីតាំង តាមបណ្តោយខេត្តកណ្តាល តាកែវ កំពត និងកែប ទំហំទុនវិនិយោគប្រមាណ ១,២ ប៊ីលានដុល្លារអាម៉េរិក, ការបង្កើតការងារ ៣.១៩៩ កន្លែង។ គម្រោងវិនិយោគបង្កើតមន្ទីរពេទ្យ ចំនួន ២២១ គ្រែ ទីតាំងខណ្ឌមានជ័យ រាជធានីភ្នំពេញ ទំហំទុនវិនិយោគប្រមាណ ៧៦ លានដុល្លារអាម៉េរិក, ការបង្កើតការងារ ៧៤១ កន្លែង។

គម្រោងវិនិយោគបង្កើតរោងចក្រផលិតក្រណាត់ និងអំបោះគ្រប់ប្រភេទ ទីតាំង ស្រុកកៀនស្វាយ ខេត្តកណ្តាល ទំហំទុនវិនិយោគប្រមាណ ៥០ លានដុល្លារអាម៉េរិក, ការបង្កើតការងារ ១.៨២០ កន្លែង។
ក្នុងតំបន់សេដ្ឋកិច្ចពិសេស មានគម្រោងវិនិយោគបង្កើតរោងចក្រផលិតការ៉ូឈើគ្រប់ប្រភេទ ទីតាំងតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ស្ថិតនៅខេត្តកោះកុង ទំហំទុនវិនិយោគប្រមាណ ១៦ លានដុល្លារអាម៉េរិក, ការបង្កើតការងារ ២៨៥ កន្លែង៕