2025-11-08 10:54
19

 ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិមានរំលឹកគុណយុទ្ធជនពលី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ស្ថិតនៅសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បានប្រារព្ធពិធីមីទ្ទីងអបអរសាទរខួបលើកទី៧២ ទិវាកំណើតកងយោធពលខេមរភូមិន្ទ និងគោរពវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី វរ:កងទ័ពដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ស៊ីវិលនៅកម្ពុជា ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។ 

  ឧត្តមសេនីយ៍ទោ សោម ស៊ុន បានឡើងថ្លែងសន្ទរកថា  ដោយបានគូសបញ្ជាក់ថា៖ ឆ្នាំនេះ ជាខួបលើកទី៧២ នៃទិវាកំណើតកងយោធពលខេមរភូមិន្ទ ៩វិច្ឆិកា ឆ្នាំ១៩៥៣ ៩វិច្ឆិកា ឆ្នាំ២០២៥ ដែលជាទិវាប្រវត្តិសាស្ត្រមិនអាចបំភ្លេចបានឡើយ ។ ហើយក៏ដូចជាឆ្នាំមុនៗដែរ ដែលនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានប្រារព្ធពិធីនេះឡើង ដែលជាការគោរពដឹងគុណចំពោះវិញ្ញាណក្ខន្ធរបស់កម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ពលីជីវិតដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។ 

   ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនអង្គមីទ្ទីង អំពីដំណើរការជាប្រវត្តិសាស្ត្រក្នុងរយៈពេល ៧២ឆ្នាំ របស់កងយោធពលខេមរភូមិន្ទ ដោយឆ្លងកាត់ដំណាក់កាល នៃការផ្លាស់ប្ដូរក្នុងដំណើរបត់បែនជាច្រើន ព្រមទាំងទទួលនូវនិន្នាការនយោបាយខុសៗគ្នា ។ តែយ៉ាងណាក៏ដោយ កងយោធពលខេមរភូមិន្ទ នៅតែរក្សាបាននូវអត្តសញ្ញាណជាកងកម្លាំងរបស់ជាតិកម្ពុជា ដែលប្រសូត្រចេញពីប្រជាជន និងឆ្លើយតបទៅតាមសំណូមពរសត្យានុម័ត ក្នុងបុព្វហេតុតស៊ូដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា ជារៀងរហូតមក ។ 

  ឧត្តមសេនីយ៍ទោ សោម ស៊ុន បានគូសបញ្ជាក់បន្ថែមទៀតថា៖ បច្ចុប្បន្ននេះ កងយោធពលខេមរភូមិន្ទ ក្រោមការដឹក នាំប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ។ កងយោធ ពលខេមរភូមិន្ទរបស់យើង បានរីកចម្រើនធំធាត់ទាំងបរិមាណ និងគុណភាព ពិសេសក្នុងពេលថ្មីៗនេះ វិរៈយុទ្ធជននៃកងយោធពលខេមរភូមិន្ទដ៍អង់អាចក្លាហានរបស់យើង ការពារបានយ៉ាងរឹងមាំ បូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ មិនឱ្យពួកសត្រូវឆ្លៀនពានរំលោភបំពានបានឡើយ ។ 

  នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិ បត្តិការសឹករងកំពង់ធំ ក៏បានក្រើនរំលឹកដល់យោធិនគ្រប់រូប ត្រូវប្ដេជ្ញាចិត្តដាច់ខាត ការពារបូរណភាពទឹកដី ដែនអធិបតេយ្យភាពកម្ពុជា និងការពារជាតិ សាសនា ព្រះមហាក្សត្រ ថែរក្សាឲ្យបានសុខសន្តិភាព និងការឯកភាពជាតិ ជូនប្រជាជនកម្ពុជា និងបានគោរពវិញ្ញាណក្ខន្ធ អុជធូបនៅតាមផ្នូរសពវីរកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាម ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជាផងដែរ ។