2025-11-08 14:26
14

ភ្នំពេញ៖ ថ្ងៃសុក្រ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពី ការពិនិត្យកម្រងសំណួរការអង្កេតប្រជាសាស្ត្រសុខភាពកម្ពុជា ឆ្នាំ២០២៥-២០២៦ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។

កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីពិនិត្យលើបញ្ជីកម្រងសំណួរទាំងអស់ របស់កម្មវិធីជាតិអាហារូបត្ថម្ភ កម្មវិធីជាតិបង្ការការចម្លងមេរោគអេដស៍ ពីម្តាយទៅកូន កម្មវិធីជាតិសុខភាពបន្តពូជ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺរលាកផ្លូវដង្ហើមស្រួច រាគ និងអាសន្នរោគ និងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ដែលនឹងត្រូវយកទៅធ្វើការសម្ភាសន៍ សម្រាប់ការអង្កេតលើកទី៦ សម្រាប់ ឆ្នាំ២០២៥-២០២៦ ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗនេះ។

ការអង្កេតប្រជាសាស្ត្រសុខភាពកម្ពុជា គឺដើម្បីផ្តល់នូវការធ្វើបច្ចុប្បន្នភាព ការប៉ាន់ប្រមាណមូលដ្ឋានសូចនាករ ប្រជាសាស្ត្រ និងសុខភាព។ 

ជាពិសេស ដើម្បីប្រមូលព័ត៌មាន ស្តីពីលទ្ធភាពមានកូន ការយល់ដឹង និងការប្រើប្រាស់វិធីសាស្ត្រពន្យារកំណើត ផែនការគ្រួសារ ការអនុវត្តការបំបៅកូនដោយទឹកដោះម្តាយ ស្ថានភាពអាហារូបត្ថម្ភរបស់ស្ត្រី និងកុមារ សុខភាពមាតា និងទារក អត្រាមរណភាពមនុស្សពេញវ័យ និងកុមារ ការពង្រឹងសិទ្ធិអំណាចស្ត្រី អំពើហិង្សាក្នុងគ្រួសារ  ការយល់ដឹង និងអាកប្បកិរិយាទាក់ទងនឹងមេរោគ អេដស៍/ជំងឺអេដស៍ និងជំងឺឆ្លងតាមផ្លូវបន្តពូជផ្សេងទៀត (STIs) និងបញ្ហាទាក់ទងនឹងសុខភាពផ្សេងទៀតដូច ជាការជក់បារីជាដើម។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកស្រីសាស្ត្រាចារ្យជំនួយ គឹម រ័ត្ននា នាយកមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក លោក លោកស្រី ប្រធាន អនុប្រធានកម្មវិធីជាតិទាំង៥ នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ផងដែរ៕