2025-11-13 10:24
21

ភ្នំពេញ៖ ក្នុងសេចក្តីថ្លែងការណ៍របស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះការបាញ់ប្រហាររបស់ កងកម្លាំងថៃ លើជនស៊ីវិលខ្មែរ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ បង្ហាញការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជា នឹងធ្វើការតវ៉ាជាផ្លូវការតាមរយៈស្ថានទូតថៃ ប្រចាំនៅទីក្រុងភ្នំពេញ ហើយនឹងចាត់វិធានការសមស្រប ដើម្បីតាមដានរួមទាំងការស៊ើបអង្កេតនៅនឹងកន្លែងអំពីការបាញ់សម្លាប់ជនស៊ីវិល ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ានផងដែរ។

រាជរដ្ឋាភិបាលកម្ពុជា ថ្កោលទោសយ៉ាងខ្លាំងបំផុតចំពោះការបាញ់ប្រហារដោយគ្មានហេតុផលរបស់ កងកម្លាំងថៃមកលើជនស៊ីវិលខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យជនស៊ីវិលម្នាក់ស្លាប់ និង ៣នាក់រងរបួស។

ក្រសួងការបរទេសបានចាត់ទុកថា ឧប្បត្តិហេតុនេះបង្ហាញពីការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ក៏ ដូចជាការបំពានយ៉ាងគឃ្លីនចំពោះច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC)។

រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការតវ៉ាជាផ្លូវការតាមរយៈស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញ ហើយនឹងចាត់វិធានការ សមស្របដើម្បីតាមដាន រួមទាំងការស៊ើបអង្កេតនៅនឹងកន្លែងអំពីការបាញ់សម្លាប់ជនស៊ីវិល ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ានផងដែរ។ កម្ពុជាស្វាគមន៍ចំពោះការគាំទ្រ និងការ ចូលរួមពីគ្រប់ដៃគូដែលពាក់ព័ន្ធក្នុងការស៊ើបអង្កេតនេះ។

កម្ពុជា សូមបញ្ជាក់ថា ចាប់តាំងពីមានបទឈប់បាញ់ចូលជាធរមាន នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ មក កម្ពុជាបានអនុវត្តការអត់ធ្មត់ជាទីបំផុត ដោយមិនចាត់វិធានការតបតទៅនឹងសកម្មភាពញុះញង់ឥតឈប់ឈរ រួមទាំងការបាញ់ប្រហារលើជនស៊ីវិលដ៏ឃោរឃៅនាពេលនេះ ក្នុងគោលបំណងរក្សាឱ្យបាននូវបទឈប់បាញ់នេះ។

ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់ប្រជាជាតិទាំងពីរ និងសម្រាប់តំបន់ទាំងមូល រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យប្រទេសថៃ បញ្ឈប់ការគំរាមកំហែង និងការប្រើប្រាស់កម្លាំង ហើយងាកទៅប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរពគ្នាទៅវិញទៅមក ដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដូចមានចែងក្នុងសេចក្តីថ្លែងការណ៍រួម ដែលបានចុះហត្ថលេខារវាងនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ នៅទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ កន្លងទៅ៕