ពោធិ៍សាត់៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃចន្ទនេះ បានលើកឡើងថា “គម្រោងអភិវឌ្ឍន៍ទំនប់អាងទឹកលេខ២” ដែលស្ថិតនៅលើស្ទឹងប្រម៉ោយ ក្នុងឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ នឹងក្លាយជាអាងស្តុកទឹកធំជាងគេនៅទូទាំងប្រទេស ក្រោយបញ្ចប់ការសាងសង់។ អាងទឹកនេះអាចស្តុកទឹកបានប្រមាណ ៨៦០ លាន ម៉ែត្រគូប ដែលជាសមត្ថភាពធំធេង សម្រាប់វិស័យកសិកម្ម និងប្រព័ន្ធធារាសាស្រ្តជាតិ។
សម្តេចធិបតីបានបញ្ជាក់ថា “គម្រោងមហាស្ថាបត្យកម្មនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់ចំនួន ៤ ដែលនឹងចូលរួមការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់អាងទឹក និងតាមបណ្តោយខេត្តពោធិ៍សាត់។
អត្ថប្រយោជន៍សំខាន់ៗនៃទំនប់អាងទឹកលេខ២ រួមមាន៖ ទី១- បម្រើវិស័យកសិកម្មល្បីល្បាញ ទំនប់អាចស្តុកទឹកបានប្រមាណ ៨៦០ លានម៉ែត្រគូប ហើយអាចស្រោចស្រពលើផ្ទៃដីទំហំ ២៦២,៥០០ ហិកតា ដែលជួយធានាការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់រដូវប្រាំង និងរដូវវស្សា។
វានឹងពង្រីកសមត្ថភាពផលិតកម្មកសិកម្ម និងលើកកម្ពស់ជីវភាពកសិករយ៉ាងមានន័យ។ ២- កាត់បន្ថយគ្រោះទឹកជំនន់នៅបានខាងក្រោមទំនប់អាងទឹកនេះនឹងជួយបន្ថយហានិភ័យជំនន់ ដែលតែងតែកើតឡើងរៀងរាល់ឆ្នាំក្នុងតំបន់ខាងក្រោមទំនប់ ដែលកន្លងមកបានបង្កគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋ និងស្រូវចម្ការ។ ៣- ការពារបណ្តាញធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធការគ្រប់គ្រងទឹកបានប្រសើរឡើង នឹងជួយបញ្ចៀសការខូចខាតប្រព័ន្ធធារាសាស្រ្ត ផ្លូវ ទំពាំង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗពីអំពើទឹកជំនន់ និងទី៤- អភិវឌ្ឍជាតំបន់ទេសចរណ៍ធម្មជាតិថ្មី ជាមួយនឹងទេសភាពតំបន់ភ្នំ និងស្ទឹងប្រម៉ោយ អាងទឹកលេខ២ នឹងក្លាយជាគោលដៅទេសចរណ៍ធម្មជាតិថ្មីមួយ ដែលមានសក្តានុពលខ្ពស់សម្រាប់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ចំពោះវឌ្ឍនភាពនៃសាងសង់ គិតត្រឹមចុងខែវិច្ឆិកា ឆ្នាំ២០២៥ គម្រោងនេះសម្រេចបានប្រមាណ ៤០% ដោយបានចាប់ផ្តើមអនុវត្តក្នុងខែមករា ឆ្នាំ២០២៥ ហើយគ្រោងបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ២០២៧ ខាងមុខនេះ៕




