2025-11-28 14:51
15

ភ្នំពេញ ៖  ក្រសួងអប់រំ យុវជន និងកីឡា ចេញសេចក្តីណែនាំនៅថ្ងៃទី២៧ វិច្ឆិកានេះ ហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុង បរិវេណគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន ក្នុងគោលបំណងយកចិត្តទុកដាក់បន្ថែមលើសុខភាពសិស្ស ការបង្ការហានិភ័យនៃជំងឺមិនឆ្លង ជាពិសេសជំងឺទឹកនោមផ្អែមដែលកំពុងកើនឡើងនៅក្នុងចំណោមសិស្សានុសិស្សពាក់ព័ន្ធនឹងទម្លាប់ទួលទាន ចំណីអាហារ ភេសជ្ជៈផ្អែម និងភេសជ្ជៈប៉ូវកម្លាំង។ ក្នុងន័យនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និង ឯកជន ត្រូវអនុវត្តដូចខាងក្រោម៖

១- ត្រូវហាមឃាត់ដាច់ខាតនូវការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា។
២- ត្រូវអនុវត្តឱ្យបានម៉ឺងមាត់នូវបទប្បញ្ញត្តិនានា ដែលពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាព ចំណីអាហារនិងអាហារប្រកបដោយសុខភាពនៅតាមគ្រឹះស្ថានសិក្សា ដែលក្រសួងបានណែនាំ កន្លងមក។

៣- ត្រូវដាក់បញ្ចូលបន្ថែមនៅក្នុងបទបញ្ជាផ្ទៃក្នុង ឬក្រមប្រតិបត្តិរបស់គ្រឹះស្ថានសិក្សាស្តីពីការ ហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា។

៤- ត្រូវអប់រំ និងក្រើនរំឭកជាប្រចាំអំពីខ្លឹមសារនៃសេចក្តីណែនាំ បទបញ្ជាផ្ទៃក្នុង និងក្រមប្រតិបត្តិ របស់គ្រឹះស្ថានសិក្សាស្តីពីការហាមឃាត់ការទទួលទាន ការចែកចាយ ការតាំងលក់ និងការ ផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ នៅក្នុងបរិវេណគ្រឹះស្ថានសិក្សា។

៥- ត្រូវចលនាអ្នកសិក្សានិងបុគ្គលិកអប់រំ ចូលរួមក្នុងការផលិតស្លាកសញ្ញា ឬសារអប់រំ។
៦-ត្រូវផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការទទួលទានភេសជ្ជៈប៉ូវកម្លាំងឱ្យបានទូលំទូលាយ នៅពេល គោរពទង់ជាតិ កិច្ចប្រជុំ ឬកម្មវិធីប្រមូលផ្តុំផ្សេងៗរបស់គ្រឹះស្ថានសិក្សា។
៧- ត្រូវពិនិត្យតាមដានរាល់សកម្មភាពនៃការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយ ពាណិជ្ជកម្មផលិតផលភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា ដើម្បីមាន វិធានការដោះស្រាយតាមស្ថានភាពជាក់ស្តែង បញ្ឈប់ភ្លាមៗនូវការទទួលទាន ការចែកចាយ ការតាំងលក់ ការផ្សព្វផ្សាយពាណិជ្ជកម្ម និងការដកហូតភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទនៅនឹង កន្លែង និងបញ្ឈប់កិច្ចសន្យាលក់ដូរក្នុងករណីរកឃើញជាក់ស្តែងនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា។

៨- ត្រូវសហការជាមួយស្ថាប័ននិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីចូលរួមអនុវត្តសេចក្តីណែនាំនេះសំដៅធ្វើឱ្យ “គ្រឹះស្ថានសិក្សា គ្មានភេសជ្ជៈប៉ូវកម្លាំង”។
៩- ត្រូវធ្វើរបាយការណ៍ប្រចាំឆមាស និងប្រចាំឆ្នាំ ឆ្លងតាមឋានានុក្រម និងផ្ញើជូនក្រសួងអប់រំ យុវជន និងកីឡា (នាយកដ្ឋានសុខភាពសិក្សា)។

សូមមន្ទីរអប់រំ យុវជន និងកីឡារាជធានី/ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនទាំងអស់ ត្រូវយក ចិត្តទុកដាក់អនុវត្តសេចក្តីណែនាំនេះ ឱ្យមានប្រសិទ្ធភាពខ្ពស់។