2025-12-01 08:28
30

ភ្នំពេញ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានសម្តែងការសោកស្តាយចំពោះជនជាតិចិន ដែលបានរងរបួសក្នុងឧប្បត្តិហេតុផ្ទុះមីន នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ នាពេលថ្មីៗនេះ និងសូមជូនពរឱ្យជាសះស្បើយឆាប់រហ័ស។ ជាមួយគ្នានេះ អាជ្ញាធរមីន បដិសេធដាច់ខាតចំពោះការចោទប្រកាន់ថាបានប្រើប្រាស់ “មីនថ្មី”។ កម្ពុជា បន្តប្តេជ្ញាថានឹងគាំទ្រកិច្ចសហប្រតិបត្តិការដោយសន្តិភាព និងផ្អែកលើច្បាប់អន្តរជាតិ ដើម្បីសម្រេចបានតំបន់ព្រំដែនគ្មានមីន។

អាជ្ញាធរមីន បានបង្ហាញថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនជាតិចិនម្នាក់ មានឈ្មោះ Shi Jingui កាន់លិខិតឆ្លងដែនលេខ ២៣៥៦៩៧៥២៦៣ បានរងរបួសដោយសារឧប្បត្តិហេតុផ្ទុះមីន ខណៈពេលព្យាយាមឆ្លងកាត់ពីប្រទេសថៃចូលប្រទេសកម្ពុជា នៅក្នុងភូមិសាស្ត្រភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។ ឧប្បត្តិហេតុនេះ បានកើតឡើងនៅក្នុងទឹកដីកម្ពុជា ដែលជាតំបន់ចម្ការមីន បន្សល់ទុកពីសង្គ្រាមអូសបន្លាយជាច្រើនទសវត្សរ៍កាលពីអតីតកាល។

កម្ពុជា បដិសេធដាច់ខាតចំពោះការចោទប្រកាន់ របស់យោធាថៃ ដែលបានធ្វើឡើងតាមរយៈសារព័ត៌មាននាពេលថ្មីៗនេះ ដោយបានចោទប្រកាន់គ្មានការពិត មាននិន្នាការនយោបាយ មិនស្របតាមស្តង់ដាររបាយការណ៍អន្តរជាតិ និងផ្ទុយទាំងស្រុងទៅនឹងកិត្តិនាម និងការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការសម្រេចបានតំបន់ព្រំដែនដែលគ្មានមីន។

កម្ពុជាបញ្ជាក់ថា “កម្ពុជាមិនប្រើប្រាស់មីនជាដាច់ខាត មិនថានៅពេលណា ឬក្នុងកាលៈទេសៈណាក៏ដោយ ហើយក្នុងនាមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា កម្ពុជាមិននឹងប្រើប្រាស់មីនឡើយ”។ ប្រសិនបើមានមីនថ្មីដូចដែលថៃបានអះអាងមែន យើងគួរសួរវិញថា “ដោយកម្ពុជាមិនមានប្រើប្រាស់មីន តើនរណាជាអ្នកដាក់មីន? កម្ពុជាមិនអាចឆ្លើយសំណួរនេះ ជំនួសប្រទេសថៃបានឡើយ”។

កម្ពុជា បដិសេធយ៉ាងដាច់ខាតចំពោះការលើកឡើងណាមួយដែលថា “កងកម្លាំងយោធាកម្ពុជា បានប្រើប្រាស់មីន”។ មកទល់ពេលបច្ចុប្បន្ន ទាំងកម្ពុជា អាស៊ាន និងយន្តការអន្តរជាតិ មិនទាន់ទទួលបានលទ្ធផលស៊ើបអង្កេតជាផ្លូវការណាមួយឡើយនោះទេ។ ប្រសិនបើថៃ មានភស្តុតាងដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវគួរផ្តល់ជាផ្លូវការមកកាន់កម្ពុជា និងប្រកបដោយវិជ្ជាជីវៈ មិនមែនតាមរយៈសេចក្តីថ្លែងការណ៍សាធារណៈ ឬប្រព័ន្ធផ្សព្វផ្សាយសង្គមនោះទេ។

កម្ពុជា បន្តអំពាវនាវឱ្យមានការស៊ើបអង្កេតរួមគ្នា ដោយឯករាជ្យ និងប្រកបដោយវិជ្ជាជីវៈ ព្រោះថា បើមិនទាន់រកឃើញការពិតណាមួយនោះទេ ការចោទប្រកាន់ជាសាធារណៈគឺជាការបង្កើនភាពតានតឹង និងធ្វើឱ្យសហគមន៍អន្តរជាតិមានការភ័យច្រឡំ។

ជាថ្មីម្តងទៀត កម្ពុជាសម្តែងការសោកស្តាយចំពោះជនរងគ្រោះដោយសារមីន មិនថាជាតិសាសន៍ណានោះទេ តែកម្ពុជានឹងមិនទទួលយកការចោទប្រកាន់មិនពិត ការក្លែងបន្លំស្ថានការណ៍ និងមិនអាចទទួលបានឡើយ ចំពោះការលើកឡើងណាមួយ ដែលប៉ះពាល់ដល់កិត្តិនាម និងកិច្ចខិតខំប្រឹប្រែងរបស់កម្ពុជា ក្នុងការសម្រេចបានអនាគតមួយដែលគ្មានមីន។

កម្ពុជានៅតែប្តេជ្ញាចិត្តគាំទ្រកិច្ចសហប្រតិបត្តិការ ការស៊ើបអង្កេតផ្អែកលើភស្តុតាង និងការដោះស្រាយបញ្ហាតាម បណ្តោយព្រំដែន ដោយសន្តិភាព និងផ្អែកលើច្បាប់អន្តរជាតិ៕