កណ្តាល៖ សំណុំរឿង ករណី “ឃាតកម្ម” ក្រុមក្មេងទំនើងកាប់ច្រឡំគ្នាឯងបណ្តាលឱ្យដាច់ក្បាលស្លាប់ម្នាក់ និងម្នាក់ទៀត របួសធ្ងន់ នៅស្រុកកៀនស្វាយ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល សម្រេចឃុំខ្លួនជនត្រូវចោទ ចំនួន ០៧ នាក់ ជាបណ្តោះអាសន្នក្នុងពន្ធនាគារខេត្តកណ្តាល និងនៅមណ្ឌលយុវនីតិសម្បទាស្រុកកណ្តាលស្ទឹង ពីបទ៖ «ឃាតកម្ម, កាន់កាប់ ឬដឹកជញ្ជូនអាវុធសម្រាប់ប្រហារ ដោយគ្មានការអនុញ្ញាត, សមគំនិតក្នុងអំពើឃាតកម្ម និងសមគំនិតក្នុងអំពើកាន់កាប់ ឬដឹកជញ្ជូនអាវុធសម្រាប់ប្រហារ ដោយគ្មានការអនុញ្ញាត»។
អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល បានឱ្យដឹងថា ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ សាលាដំបូងខេត្តកណ្តាល បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ២៤៥៥ អ.ក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានជនត្រូវចោទ ចំនួន ០៧ នាក់ រួមមាន ទី១៖ ឈ្មោះ កុល ដារ៉ុង ភេទប្រុស អាយុ ១៨ឆ្នាំ (ឃាត់ខ្លួន) ត្រូវចោទប្រកាន់ ពីបទ៖ «ឃាតកម្ម និងកាន់កាប់ ឬដឹកជញ្ជូនអាវុធ សម្រាប់ប្រហារ ដោយគ្មានការអនុញ្ញាត» បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាម បញ្ញត្តិមាត្រា ១៩៩ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។ ២៖ ឈ្មោះ យួន សុខេង ភេទប្រុស អាយុ ១៨ឆ្នាំ (ឃាត់ខ្លួន)។ ៣៖ ឈ្មោះ ឆុន ឆាត់ ភេទប្រុស អាយុ ១៦ឆ្នាំ (ឃាត់ខ្លួន)។ ៤៖ ឈ្មោះ ហ៊ាន សៀងហៀង ភេទប្រុស អាយុ ១៦ឆ្នាំ (ឃាត់ខ្លួន)។ ៥៖ ឈ្មោះ ហ៊ាន សៀងហៃ ភេទប្រុស អាយុ ១៨ឆ្នាំ (ឃាត់ខ្លួន)។ ៦៖ ឈ្មោះ ជ័យ ចេង ភេទប្រុស អាយុ ១៧ឆ្នាំ (ឃាត់ខ្លួន) និងទី៧៖ ឈ្មោះ ណាង សុខណែត ភេទប្រុស អាយុ ១៧ឆ្នាំ (ឃាត់ខ្លួន) ត្រូវចោទប្រកាន់ ពីបទ៖ «សមគំនិតក្នុងអំពើឃាតកម្ម, កាន់កាប់ ឬដឹកជញ្ជូនអាវុធសម្រាប់ប្រហារ ដោយគ្មានការអនុញ្ញាត» បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ២៩, មាត្រា ១៩៩ និង មាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥។
បន្ទាប់ពីបានពិនិត្យទៅលើឯកសារ និងភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល បានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ កុល ដារ៉ុង, ឈ្មោះ យួន សុខេង, និងឈ្មោះ ហ៊ាន សៀងហៃ នៅពន្ធនាគារខេត្តកណ្តាល។ ចំណែក ឈ្មោះ ឆុន ឆាត់, ឈ្មោះ ហ៊ាន សៀងហៀង , ឈ្មោះ ជ័យ ចេង និងឈ្មោះ ណាង សុខណែត ឃុំខ្លួននៅមណ្ឌលយុវនីតិសម្បទាស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីបន្តកិច្ចស៊ើបសួរតាមនីតិវិធីច្បាប់៕





