2025-12-01 17:49
24

ភ្នំពេញ៖ ក្រុមការងារចម្រុះធ្វើការឃាត់ខ្លួនបុរសសញ្ជាតិខ្មែរ អាយុ ៤៣ឆ្នាំម្នាក់ ដែលបានប្រព្រឹត្តបទល្មើស “រំលោភសេពសន្ថវៈ” ជាច្រើនករណី និងបានប្រើប្រាស់បណ្តាញ Telegram ដើម្បីផលិត និងចែកចាយរូបភាពអាសអាភាសលើកុមារ (CSAM)។ នេះបើតាមការបញ្ជាក់របស់ អង្គភាពការពារកុមារ (CPU) នៅល្ងាចថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥នេះ។

CPU បានឱ្យដឹងថា ក្រុមការងារចម្រុះ “HOTEL 25” ដែលមានសមាសភាពចូលរួមពីអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ, នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង, ការិយាល័យសន្តិសុខមាតុភូមិ (HSI) នៃស្ថានទូតសហរដ្ឋអាមេរិក និងអង្គភាពការពារកុមារ (CPU) បានសហការធ្វើការស៊ើបអង្កេតទៅលើសកម្មភាពរបស់បុរសជាជនសង្ស័យម្នាក់ ដែលរស់នៅស្រុកកំពង់ឆ្នាំង បន្ទាប់ពីបានរកឃើញរូបភាពអាសអាភាសលើកុមារកម្ពុជា ត្រូវបានផលិត និងបង្ហោះទៅលើប្រព័ន្ធអនឡាញ។

ជាលទ្ធផលនៃការស៊ើបអង្កេត និងការឆែកឆេរបរិវេណរស់នៅជាច្រើនទីតាំង បុរសអាយុ៤៣ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅផ្តន្ទាទោសតាមច្បាប់នៅសាលាដំបូងខេត្តកំពង់ឆ្នាំង ពីបទ៖ “រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសលើកុមារ” និងពីបទ៖ “ផលិតចែកចាយរូបភាពអាសអាភាសលើកុមារ”។ ជនសង្ស័យនេះត្រូវបានសមត្ថកិច្ចធ្វើការឃុំឃាំងជាបណ្តោះអាសន្នកក្នុងពន្ធនាគារ។

ការស៊ើបអង្កេតនេះ នៅកំពុងដំណើរការនៅឡើយ ហើយជនរងគ្រោះជាច្រើនរូប ក៏ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណ។ យើងជឿជាក់ថាបន្ទាប់ពីបានធ្វើកោសល្យវិច័យពេញលេញទៅលើសម្ភារៈឌីជីថលជាច្រើនដែលត្រូវបានដកហូត នោះយើងនឹងរកឃើញជនរងគ្រោះជាច្រើននាក់បន្ថែមទៀត។

លោក ជេមស៍ ម៉ាខេប (James McCabe) នាយកអង្គភាពការពារកុមារ (CPU) បានលើកឡើងថា “ជនសង្ស័យរូបនេះ បង្កហានិភ័យធ្ងន់ធ្ងរដល់កុមាររងគ្រោះច្រើននាក់។ ឆ្លៀតឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណនិងកោតសរសើរដ៏ស្មោះចំពោះអ្នកពាក់ព័ន្ធទាំងឡាយសម្រាប់ការសម្រេចបាននូវលទ្ធផលការងារដ៏អស្ចារ្យនេះ ខ្ញុំសូមថ្លែងអំណរគុណជាពិសេសដល់ចំណាត់ការដ៏រហ័សរបស់រាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តមឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក្រសួងមហាផ្ទៃ និងអង្គភាពស៊ើបការសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក (HSI) ដែលបានផ្តល់ការគាំទ្រក្នុងកិច្ចការស៊ើបអង្កេតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានសម្រេច”។

តាមរយៈកិច្ចការស៊ើបអង្កេតនេះ វាជាគម្រូមួយដ៏អស្ចារ្យដែលបង្ហាញពីការប្តេជ្ញាចិត្តរួមរបស់អ្នកពាក់ព័ន្ធទាំងឡាយក្នុងកិច្ចការការពារទប់ស្កាត់កុមារកុំឲ្យរងគ្រោះដោយបទល្មើសដែលត្រូវបានប្រព្រឹត្តឡើងដោយជនខិលខូចតាមអនឡាញ។ ហើយវាក៏ជាសារដ៏មានន័យទៅកាន់ជនណាដែលគិតថាកម្ពុជាពុំមានលទ្ធភាពក្នុងការស៊ើបអង្កេតបទល្មើសលើកុមារតាមអនឡាញ។ បើសិនអ្នកផលិតរូបភាពរំលោភបំពានផ្លូវភេទកុមារយកទៅបង្ហោះលើបណ្តាញអ៊ីនធើណិត យើងនឹងបើកការស៊ើបអង្កេត ដើម្បីឃាត់ខ្លួនអ្នកជាមិនខាន។

ឆ្លៀតឱកាសនេះ នាយក CPU បានអបអរសាទរដល់ភ្នាក់ងារពាក់ព័ន្ធទាំងឡាយដែលបានសម្រេចនូវលទ្ធផលការងារដ៏អស្ចារ្យនេះ។ នេះជាគម្រូដ៏អស្ចារ្យមួយដែលបង្ហាញពីលទ្ធភាព និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់កម្ពុជាក្នុងកិច្ចការការពារកុមារមិនថាបទល្មើសលើកុមារត្រូវបានប្រព្រឹត្តនៅក្នុងប្រទេស ឬតាមអនឡាញក៏ដោយ។ ជាថ្មីម្តងទៀត សូមអបអរសាទរ និងកោតសរសើរដ៏ស្មោះចំពោះអ្នកពាក់ព័ន្ធទាំងអស់ដែលសម្រេចបាននូវលទ្ធផលការងារដ៏អស្ចារ្យនេះ៕