2025-12-02 07:26
9

ភ្នំពេញ៖ បន្ទាប់ពីមានសេចក្តីរាយការណ៍ អំពីការលេចធ្លាយសារធាតុអាម៉ូញាក់ ចេញពីរោងចក្រផលិតទឹកកកមួយកន្លែង ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រសួងបរិស្ថាន បានចាត់មន្ត្រីជំនាញនៃអគ្គគាំពារបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យផ្ទាល់ទីតាំងកន្លែងកើតហេតុភ្លាមៗទាំងយប់។

ហេតុការណ៍នៃការលេចធ្លាយសារធាតុគិមីនេះ បានកើតឡើងនៅយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ ក្នុងបុរី ឡុង នី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជុំវិញករណី ធ្លាយឧស្ម័នអាម៉ូញាក់នេះក្រោយទទួលបានព័ត៌មាន នៅម៉ោង ០៩និង១០នាទីយប់ ថ្ងៃទី១ ខែធ្នូ កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជូនរថយន្តប្រភេទកង្ហាល់ ដើម្បីទៅអន្តរាគមន៍នៅទីនោះ បក់ចំហាយទាំងនេះចេញ ដើម្បីបង្ការកុំឱ្យមានផលប៉ះពាល់ដល់សុខភាពពលរដ្ឋ ក្នុងតំបន់ខាងលើ។

ពាក់ព័ន្ធករណីនេះ ក្នុងជំហានដំបូងក្រុមការងារក្រសួងបរិស្ថាន ចុះទៅដល់ទីតាំងសិប្បកម្មផលិតទឹកកកផ្ទាល់ ដើម្បីចាត់វិធានការ ដោយបានធ្វើការណែនាំ អំពីបទដ្ឋានបច្ចេកទេសបរិស្ថាន ដើម្បីទប់ស្កាត់កុំឲ្យមានការសាយភាយ ឬលេចធ្លាយសារធាតុឧស្ម័នពុលក្នុងបរិយាកាស។ 

ស្ថានភាពបច្ចុប្បន្នរោងចក្រ បានធ្វើការបិទប្រព័ន្ធឧស្ម័ន និងធ្វើការផ្ទេរចូលទៅក្នុងស៊ីទែនឧស្ម័នថ្មីបានភ្លាមៗ  និងមិនមានការលិចជ្រាបបន្តទៀតឡើយ។ ទោះជាយ៉ាងណា ក្រុមការងារនឹងបន្តពិនិត្យតាមដាន ចៀសវៀងការបំពុលដល់បរិស្ថាននិងសុខភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕