2025-12-02 07:38
11

‎‎កំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ស្ពឺ បានប្រារព្ធពិធីបើក វគ្គផ្សព្វផ្សាយស្តីពីប្រវត្តិចលនាអន្តរជាតិ គោលការណ៍គ្រឹះ និងវិជ្ជាសង្គ្រោះបឋម នៅទីស្នាក់ការសាខា ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់លោក លោកស្រី សមាជិក សមាជិកា មកពីក្រុមការងារកាកបាទក្រហមតាមមន្ទីរអង្គភាពជុំវិញខេត្តយ៉ាងផុសផុល។

‎ក្នុងឱកាសនោះ លោក លោកស្រី ដែលជាគ្រូបង្គោលសាខាកាកបាទក្រហមកម្ពុជាខេត្ត បានធ្វើបទបង្រៀនវិជ្ជាសង្គ្រោះបឋម ដល់សមាជិក សមាជិការ ដើម្បីងាយស្រួលក្នុងការជួយសង្គ្រោះបឋម ដែលត្រូវជួយជនរងគ្រោះ ឬអ្នកជំងឺមុនពេលគ្រូពេទ្យជំនាញ និងរថយន្តសង្គ្រោះបន្ទាន់មកដល់គោលបំណងសំខាន់គឺ កាត់បន្ថយការឈឺចាប់ និងជួយសង្គ្រោះជីវិត ជនរងគ្រោះកុំឱ្យមានគ្រោះថ្នាក់បន្ថែម និងជួយសម្រួលដល់គ្រូពេទ្យងាយព្យាបាល។

‎លោកស្រី  ប៉ោក សេដ្ឋា អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្ត បានគូសបញ្ជាក់ថា គោលបំណងសំខាន់បំផុតនៃវគ្គនេះគឺ ពង្រឹងចំណេះដឹង និងការយល់ដឹងស៊ីជម្រៅ ដល់ក្រុមការងារជំនាញសង្គ្រោះបឋម ដែលជាជំនាញចាំបាច់ក្នុងការជួយសង្គ្រោះអាយុជីវិត  តាមរយៈវគ្គនេះ ក្រុមការងារនឹងទទួលបាននូវមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីបន្តបេសកកម្មមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព ស្របតាមបាវចនារបស់កាកបាទក្រហមកម្ពុជា។

‎លោកស្រីបានបន្តទៀតថា ការចូលរួមក្នុងវគ្គផ្សព្វផ្សាយនាពេលនេះ មិនត្រឹមតែជាការបំពេញតួនាទីប៉ុណ្ណោះទេ ប៉ុន្តែជាការបណ្ដុះបណ្ដាលខ្លួនឯងឱ្យក្លាយជាអ្នកជួយសង្គ្រោះប្រកបដោយគុណភាព ដែលអាចផ្ដល់ការឆ្លើយតបយ៉ាងឆាប់រហ័ស និងត្រឹមត្រូវនៅពេលមានគ្រោះអាសន្ន ឬគ្រោះថ្នាក់ណាមួយកើតឡើងនៅក្នុងសហគមន៍របស់យើង  លោកស្រីបានបន្តថា វិជ្ជាសង្គ្រោះបឋម គឺជាស្ពានរវាងគ្រោះថ្នាក់ និងការព្យាបាល ដែលអាចរក្សាអាយុជីវិតមុនពេលក្រុមគ្រូពេទ្យជំនាញមកដល់  ដូច្នេះសូមលោក លោកស្រី យកចិត្តទុកដាក់ស្ដាប់ និងចូលរួមផ្លាស់ប្ដូរបទពិសោធន៍ ដើម្បីឱ្យវគ្គនេះទទួលបានលទ្ធផលផ្លែផ្កាទៅតាមការរំពឹងទុកផងដែរ៕