2025-12-04 15:09
11

ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ កិច្ចប្រជុំត្រី-វិស័យលើកទី៥ រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានរៀបចំឡើងនៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។ កិច្ចប្រជុំនេះ ដឹកនាំដោយ លោក ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាសហប្រធាន។ 

កិច្ចប្រជុំបានពិភាក្សាលម្អិតអំពីវឌ្ឍនភាព និងសមិទ្ធផលនៃគម្រោងអភិវឌ្ឍន៍ត្រី-វិស័យ ក្នុងឆ្នាំ២០២៥ ដែលផ្ដោតលើការជ្រោមជ្រែងលើផលិតកម្មកសិកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការពង្រីកប្រព័ន្ធធារាសាស្ត្រ នៅសហគមន៍កសិកម្មទំនើប ចំនួន ៥ និងពិនិត្យផែនការសម្រាប់បន្តការងាររួមគ្នានៅសហគមន៍ទាំង ៥ នេះ និងនៅសហគមន៍ ៥ បន្ថែមទៀតក្នុងឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំនេះ លោក ឌិត ទីណា បានកោតសរសើរដល់ការសហការរួមគ្នារបស់បួនភាគី ដែលបានធ្វើឱ្យមាន «ភាពបន្ស៊ីគ្នា» ក្នុងការអនុវត្តគម្រោង និងឆ្លើយតបទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកបានថ្លែងថា កិច្ចសហការយ៉ាងជិតស្និតនេះ បានចូលរួមសំរួលលើកកម្ពស់ជីវភាពសេដ្ឋកិច្ច និងបង្កើតលទ្ធផលជាក់ស្តែង ស្របតាមអភិក្រម «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែលរាជរដ្ឋាភិបាលកំពុងអនុវត្ត។

កិច្ចប្រជុំនេះ ត្រូវបានចាត់ទុកថាជាជំហានសំខាន់មួយសម្រាប់ពង្រឹងការអភិវឌ្ឍន៍កសិកម្មទំនើប ការគ្រប់គ្រងធនធានទឹក និងការលើកកម្ពស់ជនបទ ដោយសហការរួមគ្នារវាងត្រី-វិស័យឱ្យបានមានប្រសិទ្ធភាពខ្ពស់ជាងមុន។៕