ថៃ៖ ក្រដាសមិនអាចខ្ចប់ភ្លើង ដំរីស្លាប់មិនអាចយកចង្អេរបាំងជិតឡើយ ពេលនេះ លោក Anutin នាយករដ្ឋមន្រ្តីថៃ ចេញមុខមកលាងខ្លួន បញ្ជាក់ពីភាពស្អាតស្អំព្រោះមានស្នាមប្រលាក់ជាប់ដានជាមួយនិងមេក្រុមឧក្រិតកម្មអនឡាញដ៏ធំរូបនេះ ក្រោយមានការបែកធ្លាយរូបថតរបស់លោក Ben Smith ជាមេ Scammer ជាមួយ Anutin និងកំពុងតែក្លាយជាប្រធានបទដ៏ក្ដៅគគុក ក្នុងការបង្ក្រាបការឆបោករតាមអនឡាញនោះ ។
បន្ទាប់ពីបែកធ្លាយរូបថត នាយករដ្ឋមន្ត្រីថៃលោក Anutin Charnvirakul បានចេញមុខអះអាងទទួលស្គាល់ថា ខ្លួនពិតជាស្គាល់គ្នាជាមួយមេ Scammer លោក Benjamin Ben Smith ពិតប្រាកដមែន ប៉ុន្តែមិនសូវជិតស្និទ្ធគ្នាប៉ុន្មាននោះទេ និងមិនបានធ្វើអាជីវកម្មរកស៊ីជាមួយគ្នាដែរ ។ លោក Anutin អះអាងថា លោក Ben Smith ដែលជាមេ Scammer ជាមិត្តភ័ក្ក្ររបស់លោកមិត្តម្នាក់ទៀត។ នេះបើតាម The Nation នៅថ្ងៃទី០៤ ធ្នូ ឆ្នាំ២០២៥នេះ ។
ជាមួយរូបភាពរបស់នាយករដ្ឋមន្រ្តីថៃ ថតយ៉ាងជិតស្និតជាមួយមេ Scammer ដ៏ធំរូបនេះ ត្រូវបានបែកធ្លាយចែកចាយផ្អើល បណ្ដាញអ៊ីនធឺណិត បន្ទាប់ពី Anutin បានធ្វើសន្និសីទសារព័ត៌មានដ៏សំខាន់មួយ ដោយប្រកាសពីការបង្ក្រាបបោសសំអាតទូទាំងប្រទេស និងការរឹបអូសទ្រព្យសម្បត្តិដែលភ្ជាប់ទៅនឹងបណ្តាញឆបោកឆ្លងដែននោះ។
លោក Anutin បានបញ្ជាក់ថា ថតបែកធ្លាយតាំងពីឆ្នាំ២០១៤មកម្ល៉ះ ក្នុងអំឡុងពេលលោកមានកិច្ចប្រជុំមួយនៅប្រទេសសិង្ហបុរី។ លោក Anutin បានសង្កត់ធ្ងន់ថាគាត់មិនមានទំនាក់ទំនងផ្ទាល់ខ្លួន ឬទំនាក់ទំនងថ្មីៗជាមួយមេ Scammer រូបនេះឡើយ រួមទាំងមិនមានមុខរបរអាជីវកម្មផងដែរ ។
ប៉ុន្តែលោក Anutin បានទទួលស្គាល់ថា លោកបានជួបមេ Scammer រូបនេះដោយចៃដន្យចំនួន «ប្រាំឬប្រាំមួយដង» នៅក្នុងព្រឹត្តិការណ៍សង្គម ដោយគ្រាន់តែនិយាយស្វាគមន៍គ្នានិងសួរសុខទុក្ខគ្នាធម្មតាតែប៉ុណ្ណោះ ។
យោងតាមប្រភពបានឲ្យដឹងថា លោក Smith និងបុរសម្នាក់ទៀតឈ្មោះ Gym Liak គឺជាពាណិជ្ជករបរទេស ដែលសហរដ្ឋអាមេរិកដាក់ឈ្មោះថាជាបុគ្គលដែលមានហានិភ័យខ្ពស់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋកម្មអនឡាញអន្តរជាតិ។
អ្នកទាំងពីរមានក្រុមហ៊ុននៅប្រទេសថៃ ហើយភរិយារបស់ពួកគេក៏មានភាគហ៊ុននៅក្នុងវិស័យ អចលនទ្រព្យ និង អាកាសចរណ៍ឯកជន ដែលជាអាជីវកម្មត្រូវបានប្រើប្រាស់ជាញឹកញាប់ដើម្បី បិទបាំងថវិកាខុសច្បាប់ផងដែរ។ រូបថតនេះត្រូវបានទម្លាយបន្ទាប់ពីការិយាល័យប្រឆាំងការលាងលុយកខ្វក់ (AMLO) បានរឹបអូសទ្រព្យសម្បត្តិជាង ៩ ពាន់លានបាត នៅក្នុងករណីលាងលុយកខ្វក់របស់លោក Smith៕ 






