ថៃ៖ កងទ័ពអាកាសថៃ ធ្វើការចុះកិច្ចព្រមព្រៀងទិញប្រព័ន្ធការពារអាកាសទំនើប «Barak MX» ពីក្រុមហ៊ុន Israel Aerospace Industries (IAI) របស់រដ្ឋអ៊ីស្រាអែល ជាមួយតម្លៃប្រមាណ ១០៧ លានដុល្លារអាមេរិក ដើម្បីពង្រឹងសមត្ថភាពការពារការវាយប្រហារតាមអាកាសលើមូលដ្ឋានយោធា និងតំបន់សន្ដិសុខសំខាន់ៗ។ នេះបើយោងតាមការចុះផ្សាយដោយកាសែត Haaratz។
ប្រព័ន្ធ Barak MX គឺជាប្រព័ន្ធការពារអាកាសសម័យថ្មី ដែលមានសមត្ថភាពទប់ស្កាត់គ្រោះមហន្តរាយនានា រួមមានយន្តហោះគោក យន្តហោះគ្មានមនុស្សបើក (UAV), កាំជ្រួចធម្មតា, កាំជ្រួចឆក់ និងកាំជ្រួចបាលីស្ទិច នៅចម្ងាយដល់ទៅ ១៥០ គីឡូម៉ែត្រ។ ប្រព័ន្ធនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយប្រទេសជាច្រើនក្នុងតំបន់មជ្ឈឹមបូព៌ា និងអាស៊ី ដោយសារកេរ្តិ៍ឈ្មោះលើសមត្ថភាពប្រឆាំងគ្រោះថ្នាក់ល្បឿនលឿន។
ដោយឡែក ប្រព័ន្ធផ្សព្វផ្សាយ Defence Blog បានស្រង់សម្តីរបស់ មន្ត្រីក្រសួងការពារជាតិថៃ ដោយបានបញ្ជាក់ថា ការទិញប្រព័ន្ធ Barak MX ជាផ្នែកមួយក្នុងយុទ្ធសាស្ត្រកែទម្រង់កងទ័ពអាកាសឱ្យទាន់សម័យ និងបំពេញតាមតម្រូវការការពារជាតិខ្ពស់ឡើង ក្នុងបរិបទទីតាំងភូមិសាស្ត្រដែលមានការប្រែប្រួលខ្លាំង និងសកម្មភាពហួសហេតុកើតឡើងជាញឹកញាប់ក្នុងតំបន់។ គម្រោងនេះ ត្រូវបានគ្រោងទុក និងរំពឹងថានឹងចូលបម្រើក្នុងវិស័យការពារជាតិរបស់ថៃ នៅឆ្នាំ២០២៩ ខាងមុខនេះ។
ប្រព័ន្ធថ្មីនេះ នឹងត្រូវដំឡើងនៅលើមូលដ្ឋានកងទ័ពអាកាសថៃ ដែលមានតួនាទីសំខាន់ក្នុងការការពារ អាកាសដែន និងគាំទ្រតំបន់យោធាផ្សេងៗទូទាំងប្រទេសថៃ។ ការទិញនេះ ក៏ត្រូវបានគេរំពឹងថា នឹងជួយបង្កើនភាពជាដៃគូយោធារវាងថៃ និងអ៊ីស្រាអែល ក្នុងវិស័យការពារជាតិ និងបច្ចេកវិទ្យាការពារ៕





