2025-12-05 08:14
24

កាលពីថ្ងៃព្រហស្បតិ៍ អាជ្ញាធរហុងកុង បានប្រញាប់ដកស្រទាប់សំណាញ់ដែលគេប្រើក្នុងពេលសាងសង់ និងជួសជុលអគារទាំងអស់នៅទូទាំងទីក្រុង បន្ទាប់ពីសម្ភារៈនេះ ត្រូវបានស្តីបន្ទោសបង្កើនការឆាបឆេះដ៏ធំកាលពីសប្ដាហ៍មុន ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥៩ នាក់។

រដ្ឋាភិបាលចិន កាលពីល្ងាចថ្ងៃពុធ បានបញ្ជាឱ្យដកចេញជាបន្ទាន់ នូវសំណាញ់រន្ទាលើអគារលំនៅដ្ឋានសាធារណៈ និងឯកជនទាំងអស់ត្រឹមថ្ងៃសៅរ៍ “ដើម្បីការពារសុវត្ថិភាពសាធារណៈ និងធ្វើឱ្យប្រជាពលរដ្ឋ និងអាជីវកម្មមានភាពស្ងប់ចិត្ត”។ នេះបើយោងតាមការចុះផ្សាយរបស់ Reuter នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូនេះ។

បទបញ្ជានេះកើតឡើងនៅពេលដែលអាជ្ញាធរស៊ើបអង្កេតមូលហេតុ នៃករណីគ្រោះអគ្គិភ័យដែលបានសម្លាប់មនុស្សច្រើនបំផុត នៅក្នុងទីក្រុងក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដោយបង្ហាញថាសំណាញ់ទាំងនេះបានបង្កើនការបញ្ឆេះ (Inferno) ដែលបានឆាបឆេះប្លុកអគារខ្ពស់ ចំនួន ៧ នៅបរិវេណ Wang Fuk នៅថ្ងៃទី២៦ ខែវិច្ឆិកា កន្លងទៅ។ កម្មករបានចាប់ផ្តើមរុះរើសំណាញ់ការពារកាលពីព្រឹកថ្ងៃព្រហស្បតិ៍។

សូមជម្រាបថា អគ្គិភ័យនេះ ដែលកើតឡើងនៅ Wang Fuk Court កាលពីថ្ងៃទី២៦ ខែវិច្ឆិកា បានក្លាយជាអគ្គិភ័យធំជាងគេក្នុងរយៈពេលជាច្រើនទសវត្សរ៍។ អាជ្ញាធរបានបញ្ជាក់ថា “ស្រទាប់សំណាញ់ និងស្នោអ៊ីសូឡង់ដែលមានគុណភាពទាប” ត្រូវបានប្រើក្នុងការជួសជុលអគារនោះ និងបានជួយឲ្យភ្លើងឆេះអស់រយៈពេល ៤០ ម៉ោង។

លោក C.K.Lau ដែលជានិវត្តជនអាយុ ៨២ឆ្នាំ រស់នៅតំបន់អភិវឌ្ឍន៍លំនៅដ្ឋាន sha tin បាននិយាយថា “ការដកសំណាញ់ចេញបានកាត់បន្ថយឱកាសនៃការកើតមានឧប្បត្តិហេតុស្រដៀងគ្នានេះ”។ ប្រជាពលរដ្ឋ មានអារម្មណ៍ធូរស្រាល ប្រសិនបើរដ្ឋាភិបាលយល់ព្រមដកវាចេញ។ 

ការស៊ើបអង្កេតរបស់ប៉ូលីស បាននាំឲ្យមានការចាប់ខ្លួនមនុស្សសរុបចំនួន ២១ នាក់ ដែលទទួលខុសត្រូវក្នុងការដ្ឋានសំណង់តំបន់កើតហេតុ។ ក្នុងនោះ ១៥ នាក់ មកពីក្រុមហ៊ុនសំណង់ផ្សេងៗ ត្រូវបានចាប់ខ្លួនលើកំហុសសង្ស័យ “ឃាតកម្មដោយប្រយោល” រួមមាន នាយក ០២នាក់ និងវិស្វករពិគ្រោះយោបល់ម្នាក់ពីក្រុមហ៊ុន Prestige Construction ដែលជាអ្នកទទួលសំណង់ចម្បង។ បន្ថែមពីនេះ ក៏មានមនុស្សចំនួន ០៦ នាក់ផ្សេងទៀត មកពីក្រុមហ៊ុនដំឡើងប្រព័ន្ធពន្លត់អគ្គិភ័យ ត្រូវបានចាប់ខ្លួនសង្ស័យពីបទ “ក្លែងបន្លំ”៕