2025-12-07 10:51
16

រតនគិរី៖ បន្ទាប់ពីបែកធ្លាយរូបភាព រោងចក្រអាឈើដ៏ធំមួយ ក្នុងតំបន់ការពារធម្មជាតិ «ឧទ្យានជាតិវីរៈជ័យ» ក្នុងខេត្តរតគិរី បង្ហោះចែកចាយលើបណ្តាញសង្គម នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ មន្ទីរបរិស្ថានខេត្ត បានធ្វើការបញ្ជាក់ថា ទីតាំងដែលបង្ហាញអំពីសកម្មភាពអាឈើនោះរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច «នុភាព សូភី អ៊ីនវេសមេន»។ បច្ចុប្បន្ន កំពុងធ្វើសកម្មឈូសឆាយដីព្រៃឈើ ដើម្បីដាំដំណាំកសិ-ឧស្សាហកម្ម នៅក្នុងអនុតំបន់១ និង២ នៃឧទ្យានជាតិវីរៈជ័យ ស្ថិតក្នុងភូមិសាស្ត្រ ស្រុកអណ្ដូងមាស និងស្រុកតាវែង នៃខេត្តរតនគិរី ក្នុងទំហំដីសរុប ៨,៥៧៧.២៩៤៥ ហិកតា។ 

បើតាមរបាយការណ៍ របស់មន្ទីរបរិស្ថានខេត្តរតគិរី បានអះអាងថា “សកម្មភាពនេះ គឺអនុវត្តឡើង តាមការអនុញ្ញាត និងសិទ្ធិប្រទានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានឯកសារយោងច្បាស់លាស់”។ ទោះជាយ៉ាងណាក៏ដោយអ្នកការពារព្រៃឈើយល់ឃើញថា “នេះជាការបំផ្លិចបំផ្លាញធនធានធម្មជាតិយ៉ាងធ្ងន់ គួរតែមានវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា ដើម្បីកុំឱ្យមានការបាត់បង់”។

មន្ទីរបរិស្ថានបានឱ្យដឹងថា ក្រោយពីទទួលបាននូវព័ត៌មាន តាមបណ្តាញសង្គម Facebook របស់ Sokmil Minh ដែលបានសរសេរថា “ខេត្តរតនគិរី ជិតរលាយហើយឱ្យតែបណ្តោយបែបនេះទៀត”។ តាមការស្រាវជ្រាវពីមន្ទីរបរិស្ថានខេត្តរតនគីរី ពីទីតាំងដែលផ្តល់តាម Facebook ខាងលើ ជាទីតាំងស្ថិតនៅក្នុងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន នូភាព សុភី អ៊ិនវែសមិន។

អំពីសកម្មភាពឈូសឆាយដីព្រៃ ដើម្បីដាំដំណាំកសិ-ឧស្សាហកម្ម និងការប្រមូលដកហូតដឹកជញ្ជូនផល-អនុផលព្រៃឈើរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច «នុភាព សូភី អ៊ីន វេស មេន» ក្នុងឧទ្យានជាតិវីរៈជ័យ ភូមិសាស្ត្រស្រុកអណ្ដូងមាស និងស្រុកតាវែងខេត្តរតនគិរី គឺយោងតាម៖ -លិខិតលេខ ១៥ សប្រទ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ស្ដីពីសិទ្ធប្រទានរបស់រាជរដ្ឋាភិបាលកម្ពុជា។ 

លិខិតលេខ២១៩ សជណ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥ របស់ក្រសួងបរិស្ថាន។ លិខិតលេខ ៦៧២២ កសក ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលិខិតលេខ ៤៨៩៨ ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

បច្ចុប្បន្ន ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច នុភាព សូភី អ៊ីនវេសមេន បានកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃ ដើម្បីដាំណាំកសិឧស្សាហកម្ម ក្នុងទំហំផ្ទៃដី ៨,៥៧៧.២៩៤៥ ហិកតា និងទទួលបានការអនុញ្ញាតបង់ថ្លៃសូយសារ និងបុព្វលាភផល អនុផលព្រៃឈើ ដើម្បីបង់ចូលថវិការរដ្ឋ និងអនុញ្ញាតឱ្យក្រុមហ៊ុនធ្វើការឈូសឆាយក្នុងអនុតំបន់១ និងអនុតំបន់២។

មន្ទីរបរិស្ថានខេត្តរតនគិរី បានឱ្យដឹងទៀតថា ក្រុមហ៊ុន បានកំពុងធ្វើការកែច្នៃអារឈើនៅក្នុងក្រុមហ៊ុនក្រោយពីការឈូសឆាយដីព្រៃ រួចចូលទៅក្នុងរោងម៉ាស៊ីនអារឈើរបស់ក្រុមហ៊ុនផ្ទាល់ ស្ថិតក្នុងភូមិចង ឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ដើម្បីដឹកជញ្ជូនចេញឆ្ពោះទៅកាន់ដេប៉ូនានាក្រៅខេត្តដែលមានលិខិតអនុញ្ញាត និងស្ថិតក្រោមការត្រួតពិនិត្យជាក់ស្ដែងជាប្រចាំរបស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើប្រចាំខេត្តរតនគិរី។ 

ពាក់ព័ន្ធករណីខាងលើនេះ ក្រុមការងារមន្ត្រីឧទ្យានុរក្សឧទ្យានជាតិវីរៈជ័យ និងបន្តតាមដានសកម្មភាពឈូសឆាយនិងការប្រមូល ដកហូតផល-អនុផលព្រៃឈើ របស់ក្រុមហ៊ុនមិនឲ្យចូលក្នុងដែនតំបន់ការពារធម្មជាតិឧទ្យានជាតិវីរៈជ័យឡើយ៕