ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានចេញសេចក្តីសង្ខេបអំពីស្ថានការណ៍តានតឹងតាមបណ្តោយបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដែលកើតមាននៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ បន្ទាប់ពីកងកម្លាំងយោធាថៃ បើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា ចំនួន ០២ លើក នៅតំបន់ព្រំដែនក្នុងខេត្តព្រះវិហារ។
ចំពោះស្ថានការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ អំពី ករណី កងកម្លាំងយោធាថៃបើកការបាញ់ប្រហារមកលើកងកម្លាំងរបស់កម្ពុជា មានដូចខាងក្រោម៖
- នៅម៉ោង ១៤និង១៥នាទី យោធាថៃ បានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ នៅក្នុងហេតុការណ៍បាញ់ប្រហារនោះយោធាថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ និងត្បាល់ ៦០មីលីម៉ែត្រ។ នៅក្នុងឧប្បត្តិហេតុនោះ កងកម្លាំងកម្ពុជាមិនធ្វើការតបតទេ។
- នៅម៉ោង ១៤និង២០នាទី កងកម្លាំងកម្ពុជា បានទាក់ទងទៅភាគីថៃ ឱ្យបញ្ឈប់ការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជាជាបន្ទាន់ ព្រោះភាគីកម្ពុជា មិនបានបាញ់តបទេ និងម៉ោង ១៤និង៣២នាទី យោធាថៃ បានបញ្ឈប់ការបាញ់ប្រហាររបស់ខ្លួន។
- នៅម៉ោង ១៤និង៤៨នាទី កម្ពុជា បានជូនដំណឹងទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។
- នៅម៉ោង ២០និង០២នាទី យោធាថៃ បានបើកការបាញ់ប្រហារមកលើកម្លាំងកងកម្ពុជា ជាលើកទី២ ដោយប្រើកាំភ្លើងដៃបាញ់ជាច្រើនគ្រាប់ នៅមុខខ្សែត្រៀមរបស់កម្ពុជា ក្នុងភូមិសាស្ត្រអូរផ្កាស្នេហ៍។
- ម៉ោង ២០និង៣០នាទី យោធាថៃ បានបន្តបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅទីតាំងព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ជាលើកទី២ ដោយប្រើកាំភ្លើងដៃ និងកាំភ្លើងត្បាល់ បាញ់ជាច្រើនគ្រាប់ និងនៅម៉ោង ២០និង៥០នាទី យោធាថៃ បានបញ្ឈប់ការបាញ់ប្រហាររបស់ខ្លួន។
ពាក់ព័ន្ធព្រឹត្តិការនេះ ក្រសួងការពារជាតិ បាននឹងកំពុងបន្តតាមដានលើការវិវត្តនៃស្ថានការណ៍នៅតាមបណ្តោយព្រំដែន កម្ពុជា-ថៃ ជាមួយគ្នានេះ កងកម្លាំងកម្ពុជាស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ជានិច្ច។
កម្ពុជា បញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ប្រកបដោយសុច្ឆន្ទៈ និងការទទួលខុសត្រូវខ្ពស់បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា អនុសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ ហើយប្រឆាំងនឹងការគំរាម ឬការប្រើប្រាស់កម្លាំង សំដៅស្វែងរកដំណោះស្រាយមួយដែលយុត្តធម៌ ត្រឹមត្រូវ យូរអង្វែង និងស្របតាមច្បាប់អន្តរជាតិ៕



