2025-12-08 13:50
18

(ហ្សាការតា ឥណ្ឌូណេស៊ី)៖ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន អញ្ជើញចូលរួមកិច្ចសន្ទនាកម្រិតខ្ពស់ ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការកៀរគរធនធានក្នុងសកម្មភាពមីន ដែលប្រព្រឹត្តិទៅនៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។

ក្នុងកិច្ចសន្ទនានោះ ឯកឧត្តមទេសដ្ឋមន្រ្តី លី ធុជ បានថ្លែងបញ្ជាក់ថា រយៈពេលជាងបីទសវត្សរ៍មកនេះ កម្ពុជាបានប្រែក្លាយពីប្រទេសមួយដែលទទួលរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅជាប្រទេសមួយឈានមុខគេក្នុងវិស័យសកម្មភាពមីនសកល។ 

កម្ពុជា ប្រែក្លាយពីអ្នកទទួលការគាំទ្រ ទៅជាអ្នកផ្តល់ការគាំទ្រ រួមមានការបណ្តុះបណ្តាល និងចែករំលែកបទពិសោធន៍ និងជំនាញទៅកាន់បណ្តាប្រទេសនានាទាំងក្នុងតំបន់ និងពិភពលោក ជាដើម។ 

វឌ្ឍនភាពសកម្មភាពមីនទាំងនេះ បានមកពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ភាពក្លាហានរបស់ប្រតិបត្តិករដោះមីន និងការគាំទ្រពីដៃគូអន្តរជាតិនិងសប្បុរសជន ជាមួយនឹងរចនាសម្ព័ន្ធសកម្មភាពមីនរឹងមាំរបស់កម្ពុជា។ 

តាមនាមរាជរដ្ឋាភិបាល ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រទេសផ្តល់ជំនួយ ដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ វិស័យឯកជន ក៏ដូចជាអង្គការនិងជនសប្បុរស ដែលការគាំទ្រនេះ បានរួមចំណែកជួយសង្គ្រោះជីវិត ស្តារជីវភាពរស់នៅ និងអនុញ្ញាតឱ្យសហគមន៍អាចកសាងឡើងវិញដោយសេចក្តីថ្លៃថ្នូរ។ 

ក្នុងនោះផងដែរ រយៈពេលជាងមួយទសវត្សរ៍ចុងក្រោយ ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងសកម្មភាពមីននៅកម្ពុជា ទាំងធនធានហិរញ្ញវត្ថុ សម្ភារៈនិងឧបករណ៍ និងការបណ្តុះបណ្តាល និងការផ្តល់កិច្ចសហប្រតិបត្តិការនិងវេទិកាក្នុងតំបន់។

ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានលើកឡើងទៀតថា នៅទូទាំងអាស៊ាន មីនគឺជាបញ្ហារបស់តំបន់ ដែលត្រូវការដោះស្រាយជាលក្ខណៈតំបន់ មានការរួបរួមគ្នា និងសមគ្គីភាព ដោយមិនត្រូវទុកឱ្យសមាជិកណាមួយទទួលរងគ្រោះតែម្នាក់ឯងនោះទេ។ នៅពេលអាស៊ានឆ្ពោះទៅរកចក្ខុវិស័យសហគមន៍ឆ្នាំ២០៤៥ សកម្មភាពមីន នៅតែជាសសរស្តម្ភសំខាន់សម្រាប់សន្តិភាព សន្តិសុខ និងភាពធន់របស់មនុស្ស។

ក្នុងឱកាសនោះផងដែរ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានអំពាវនាវឱ្យសមាជិកអាស៊ានបន្តស្មារតីទៅមុខ ដោយប្រែក្លាយសាមគ្គីភាពទៅជាសកម្មភាព ព្រមទាំងលើកទឹកចិត្តឱ្យប្រទេសសមាជិកអាស៊ានទាំងអស់ បន្តលើកកម្ពស់សន្តិភាព ភាពសុខដុមរមនា និងសុខសុវត្ថិភាពរបស់មនុស្ស តាមរយៈការពង្រឹងសកម្មភាពមីន។

ជាមួយគ្នានោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់អះអាងទៀតថា កម្ពុជាត្រៀមខ្លួនជាស្រេច ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងមេរៀនដែលបានរៀនសូត្រ ដើម្បីគាំទ្រដល់សមាជិកអាស៊ានក្នុងបេសកកម្មមនុស្សធម៌នេះ ហើយកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងពេញទំហឹង ក្នុងការធ្វើការជាមួយប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីសម្រេចបាននូវតំបន់ដែលមានសុវត្ថិភាព ភាពធន់ និងការរួបរួម។

ជាចុងបញ្ចប់ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ARMAC) លេខាធិការដ្ឋានអាស៊ាន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះ និងបន្តគាំទ្រដល់សកម្មភាពមីនមនុស្សធម៌អាស៊ាន៕