ឧត្តរមានជ័យ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តឧត្តរមានជ័យ បានរាយការណ៍នៅព្រឹកថ្ងៃទី៨ ខែធ្នូនេះថា ព្រះសង្ឃ និងប្រជាពលរដ្ឋ នៅខេត្តព្រះវិហារ ក៏ដូចជាតំបន់ជិតព្រំដែននៅឧត្តរមានជ័យ បានបន្តនិមន្ត និងជម្លៀសខ្លួនចេញពីតំបន់គ្រោះថ្នាក់ ទៅកាន់តំបន់ទទួលសុវត្ថិភាព ដោយសារតែការវាយប្រហារដោយអាវុធធុនធ្ងន់ពីកងយោធាថៃ។
ការផ្ទុះអាវុធបានចាប់ផ្ដើមនៅម៉ោង ០៦និង៥៥នាទីព្រឹក ពីតំបន់ភូមិសាស្ត្រជប់គគីរ រហូតដល់តំបន់អូរស្មាច់ ដែលជាតំបន់ជិតព្រំដែន កម្ពុជា-ថៃ។ យោធាថៃ ត្រូវបានចោទប្រកាន់ថា បានប្រើប្រាស់អាវុធធុនធ្ងន់ បាញ់ផ្លោងចូលដល់តំបន់រស់នៅរបស់ប្រជាពលរដ្ឋ ដែលមានចម្ងាយប្រមាណ ៤-៥ គីឡូម៉ែត្រពីព្រំដែន បង្កឱ្យមានការភ័យខ្លាច និងការជម្លៀសយ៉ាងច្រើន។
តាមរបាយការណ៍ដំបូង ប្រជាពលរដ្ឋ នៅសង្កាត់អូរស្មាច់ ក្រុងសំរោង និងឃុំគោកមន រួមមាន ភូមិថ្មដូន ភូមិហនុមាន ភូមិជប់គគីរ ភូមិមនោរម្យ១ ភូមិមនោរម្យ២ និងភូមិតាមាន់សែនជ័យ សម្រុកចេញទៅកាន់ទីមានសុវត្ថិភាពដែលរៀបចំដោយអាជ្ញាធរ។
រហូតដល់ម៉ោង ១១និង០០ នាទីថ្ងៃត្រង់ ប្រជាពលរដ្ឋសរុបជាង ១,១៥៧ គ្រួសារ ត្រូវបានរាយការណ៍ថាជម្លៀសដល់តំបន់សុវត្ថិភាពរួចរាល់។
អាជ្ញាធរខេត្តបានបន្តពង្រឹងការចែកចាយជំនួយបឋម និងការរៀបចំកន្លែងទទួលសុវត្ថិភាពបន្ត ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់ជម្លោះ៕




