2025-12-08 14:27
21

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា បន្ទាប់ពីការបើកការបាញ់ប្រហារមកលើកងកម្លាំង និងប្រជាជនស៊ីវិលនៅទិសយោធភូមិភាគទី៤ ក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ចាប់ពីព្រឹកម៉ោង ០៥:០៤នាទី នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះមក យោធាថៃបានពង្រីកការវាយប្រហាររបស់ខ្លួនមកខេត្តបន្ទាយមានជ័យ ក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ដោយនៅវេលាម៉ោង ១៣:៣៦នាទីរសៀល យោធាថៃបានបាញ់ប្រហារមកលើប្រជាជនស៊ីវិលនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោល និងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃមកលើភូមិដ្ឋានជនស៊ីវិលរស់នៅ។

គួរបញ្ជាក់ជាថ្មីថា នៅក្នុងហេតុការណ៍ខាងលើ កងកម្លាំងកម្ពុជាមិនទាន់បានតបតអ្វីនៅឡើយទេ ដោយប្រកាន់ខ្ជាប់បំផុតនូវការគោរព និងការអនុវត្តបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ រួមទាំង គោលការណ៍ដែលបានឯកភាពគ្នា រវាងភាគីកម្ពុជា-ថៃ ដោយឈរលើមូលដ្ឋាន នៃការដោះស្រាយ រាល់បញ្ហាដោយសន្តិវិធី ត្រឹមត្រូវ និងស្របតាមច្បាប់អន្តរជាតិ៕