2025-12-08 16:48
18

ភ្នំពេញ៖ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំទារុណកម្ម បានថ្កោលទោសដាច់អហង្ការចំពោះសង្គ្រាមឈ្លានពាន វាយប្រហាររបស់ថៃ មកលើអធិបតេយ្យនៃព្រះរាជាណាចក្រកម្ពុជា ដោយយន្តហោះចម្បាំង F-16 អាវុធធន់ធ្ងន់ និងផ្សែងពុល កាលពីថ្ងៃទី៧ និងទី៨ ខែធ្នូ ឆ្នាំ២០២៥ នៅក្នុងតំបន់ជាច្រើន ពិសេសនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ, បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដែលបណ្តាលឱ្យប្រជាពលរដ្ឋជាជនស៊ីវិលស្លាប់ និងរងរបួសមួយចំនួន ព្រមទាំងខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនរបស់កម្ពុជា យ៉ាងច្រើនសន្ធឹកសន្ធាប់។

ទង្វើដ៏សាហាវយង់ឃ្នងដដែលៗនេះ បានបញ្ជាក់ឱ្យឃើញថា ប្រទេសថៃ មិនបានគោរពនូវកិច្ចព្រមព្រៀងបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាង កម្ពុជា-ថៃ ដែលទើបចុះហត្ថលេខារួចកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដែលមានការចុះហត្ថលេខាជាសាក្សីដោយ លោក ប្រធានាធិបតីសហរដ្ឋអាមេរិក Donal J. Trump និង លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ក្នុងនាមជាប្រធានអាស៊ាន។

លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម “គ.ជ.ប.ទ” បានអំពាវនាវដល់សហគមន៍អន្តរជាតិ ថ្កោលទោសយ៉ាងម៉ឺងម៉ាត់ និងមានវិធានការឱ្យបានទាន់ពេលវេលាក្នុងការដាក់សម្ពាធលើប្រទេសថៃ ឱ្យបញ្ឈប់សកម្មភាពភាពបាញ់ប្រហារ និងការធ្វើទុក្ខបុកម្នេញគ្រប់ទម្រង់មកលើកងទ័ព និងប្រជាពលរដ្ឋស្លូតត្រង់របស់កម្ពុជា ហើយទាមទារភាគីថៃ ទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពាននេះ៕