វ៉ាស៊ីនតោន៖ មន្ត្រីរដ្ឋបាលជាន់ខ្ពស់សហរដ្ឋអាមេរិកម្នាក បានប្រាប់សារព័ត៌មាន Anadolu កាលពីថ្ងៃចន្ទថា “ប្រធានាធិបតីអាមេរិក លោក Donald Trump រំពឹងថា ប្រទេសកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះបទឈប់បាញ់បន្ទាប់ពីការប៉ះទង្គិចគ្នា ដ៏សាហាវនៅតាមព្រំដែនដែលមានជម្លោះរបស់ពួកគេ។
មន្ត្រីរូបនេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា “លោកប្រធានាធិបតី Trump ប្តេជ្ញាចិត្តចំពោះការបញ្ឈប់អំពើហិង្សាជាបន្តហើយរំពឹងថា “រដ្ឋាភិបាលនៃប្រទេសកម្ពុជា និងថៃ នឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការបញ្ចប់ជម្លោះនេះ”។
សេចក្តីថ្លែងការណ៍នេះ បានធ្វើឡើងនៅពេលដែលប្រទេសថៃ បានបើកការវាយប្រហារតាមអាកាសកាលពីព្រឹកថ្ងៃចន្ទ ដោយយោធាថៃ អះអាងថា ធ្វើឡើងឆ្លើយតបទៅនឹងការវាយប្រហារពីកម្ពុជា បណ្តាលឱ្យសម្លាប់ទាហានថៃយ៉ាងហោចណាស់ម្នាក់ស្លាប់និងរបួសជាច្រើននាក់ទៀត។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា “កម្ពុជា មិនបានវាយប្រហារលើថៃមុនដូចការចោទប្រកាន់នោះទេ”។
កម្ពុជា បានអះអាងថា យោធាថៃ បានបើកការបាញ់ប្រហារមកលើកម្លាំងកងទ័ពកម្ពុជា ដែលឈរជើងនៅតំបន់ព្រលានថ្ម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ចាប់ពីម៉ោងប្រមាណ ១៤និង១៥នាទី រហូតដល់ម៉ោងប្រមាណ ១៤និង៣២នាទី ហើយថែមទាំងបានចោទប្រកាន់ដោយគ្មានមូលដ្ឋានមកលើកម្ពុជា ខណៈដែលការពិតជាក់ស្តែង គឺកងកម្លាំងរបស់កម្ពុជា ពុំបានបាញ់តបតអ្វីឡើយ។
ក្រសួងការពារជាតិកម្ពុជា បដិសេធនិងច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ទាំងឡាយរបស់ភាគីថៃ ដែលមានគោលបំណងបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ និងយកមកធ្វើជាលេសដើម្បីបង្កឱ្យមានភាពតានតឹងផ្នែកយោធាជាមួយកម្ពុជាឡើងវិញ។
ចំពោះព្រឹត្តិការណ៍នៃការបាញ់ប្រហារពីសំណាក់យោធាថៃ មកលើកកងកម្លាំងកម្ពុជា និងអធិបតេយ្យរបស់កម្ពុជា បានគំរាមកំហែងដល់កិច្ចព្រមព្រៀងបទឈប់បាញ់ដ៏ផុយស្រួយដែលបានចុះហត្ថលេខាកាលពីខែតុលា នៅទីក្រុងគូឡាឡាំពួ ក្រោមវត្តមានរបស់ លោក Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Anwar Ibrahim។
ភាពតានតឹងរវាងប្រទេសជិតខាងបានកើនឡើង កាលពីខែមុន បន្ទាប់ពីប្រទេសថៃបានផ្អាកវិធានការដោះស្រាយជន្លោះដោយសន្តិវិធី បន្ទាប់ពីការផ្ទុះមីននៅក្នុងខេត្តស៊ីកេតសា ដែលបានធ្វើឱ្យទាហានថៃបួននាក់រងរបួស។
ត្រឡប់ទៅខែកក្កដា ប្រទេសទាំងពីរបានព្រមព្រៀងលើបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ នៅក្នុងកិច្ចប្រជុំត្រីភាគីដែលរៀបចំដោយ លោក Anwar Ibrahim បន្ទាប់ពីការប៉ះទង្គិចធ្ងន់ធ្ងរបានកើតឡើងជាច្រើនសប្តាហ៍តាមតំបន់ព្រំដែន៕




