ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបញ្ជាក់ថា កងកម្លាំងយោធាថៃ បានបន្តបាញ់ប្រហារលើប្រទេសកម្ពុជា ក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ ឧត្តរមានជ័យ និងពោធិ៍សាត់ ដោយប្រើអាវុធធនធ្ងន់, យន្តហោះចម្បាំង F-16 និងផ្សែងពុល។ អំពើនេះបង្កឱ្យមានមនុស្សរងរបួស និងស្លាប់ បំផ្លាញផ្ទះសម្បែង, ប្រាសាទ, មណ្ឌលសុខភាព និងសាលារៀនជាច្រើនត្រូវបានបិទ និងបណ្តាលឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ត្រូវភៀសខ្លួន។
គ.ស.ម.ក. បានចាត់ទុកថា អំពើឈ្លានពាននេះ ជាការរំលោភច្បាប់សិទ្ធិមនុស្ស ច្បាប់មនុស្សធម៌អន្តរជាតិ និងច្បាប់អន្តរជាតិ រួមទាំងបំពានសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ វាងកម្ពុជា និងថៃ ក្នុងវត្តមានសាក្សីពីប្រធានាធិបតីសហរដ្ឋអាមេរិក និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។
ដោយមើលឃើញពីការរំលោភអធិបតេយ្យភាព បូរណភាពទឹកដីរបស់ប្រទេសកម្ពុជា ក៏ដូចជា សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ប្រជាជនកម្ពុជាស្លូតត្រង់ គ.ស.ម.ក. បានរៀបចំ និងបានដាក់ញត្តិបន្ទាន់ទៅឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) នៅទីក្រុងហ្សឺណែវ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក ស្ថាប័នសិទ្ធិមនុស្សជាតិឯករាជ្យក្នុងតំបន់អាស៊ាន ព្រមទាំងប្រធានប្តូរវេន និងជាតំណាងប្រទេសម៉ាឡេស៊ីអាយឆា ផងដែរ។
នៅក្នុងញត្តិបន្ទាន់នោះ គ.ស.ម.ក. បានអំពាវនាវ និងលើកសំណើមួយចំនួនដូចខាងក្រោម៖
- ចេញញត្តិថ្កោលទោសចំពោះអំពើរបស់យោធាថៃ។
- ធ្វើការស៊ើបអង្កេតឬ វាយតម្លៃ ដោយឯករាជ្យ មិនលម្អៀង ចំពោះស្ថានភាពសិទ្ធិមនុស្ស ដែល រួមបញ្ចូលទាំងផលប៉ះពាល់ដល់ប្រជាជន ការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងជនភៀសសឹក។
- ទាក់ទងផ្ទាល់ទៅរដ្ឋាភិបាលប្រទេសថៃឱ្យបញ្ឈប់អំពើឈ្លានពាន។
- ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងការសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធរបស់អង្គការ សហប្រជាជាតិ ក្នុងការតាមដាន ប្រមូលឯកសារ និងរាយការណ៍ លើការរំលោភសិទ្ធិមនុស្ស ជាពិសេសការប្រើប្រាស់ផ្សែងពុលនិងកម្លាំងយោធាមកលើប្រជាជន។
- ឱ្យប្រទេសថៃសហការឱ្យបានពេញលេញជាមួយនឹងយន្តការអន្តរជាតិ ជាពិសេសការស៊ើបអង្កេត និងការទទួលខុសត្រូវចំពោះការរំលោភបំពានច្បាប់អន្តរជាតិ។
- គាំទ្រជំនួយមនុស្សធម៌ចំពោះប្រជាជនរងគ្រោះ ជាពិសេសជនភៀសសឹក និងជនរងរបួសពីការវាយប្រហារ។
- លើកបញ្ហានេះនៅចំពោះមុខក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ឬនីតិវិធីពិសេសពាក់ព័ន្ធនានា។
- ឱ្យប្រទេសថៃដោះលែង និងធ្វើមាតុភូមិនិវត្តន៍កងទ័ពកម្ពុជាទាំង១៨នាក់ ជាបន្ទាន់និង ដោយគ្មានលក្ខខណ្ឌ។
គ.ស.ម.ក. ក៏បានបញ្ជាក់ពីជំហររបស់ប្រទេសកម្ពុជា ក្នុងការប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ សិទ្ធិមនុស្សអន្តរជាតិ និងអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យប្រទេសថៃ ទទួលខុសត្រូវទាំងស្រុង និងចាត់វិធានការជាបន្ទាន់ ដើម្បីធានាយុត្តិធម៌ជូនជនរងគ្រោះ និងការការពារជនស៊ីវិលទាំងអស់នៅតាមព្រំដែន កម្ពុជា-ថៃ៕






