2025-12-09 12:26
16

ឧត្តរមានជ័យ៖ អគ្គនាយកដ្ឋានពន្ធនាគារ បានអនុវត្តប្រតិបត្តិការជម្លៀសជនជាប់ឃុំ ចំនួន ១,០៦៦ នាក់ (ស្រី ៦៧នាក់) ចេញពីពន្ធនាគារខេត្តឧត្តរមានជ័យ ទៅឃុំបន្តនៅពន្ធនាគារខេត្តសៀមរាប។ ការជម្លៀសនេះ ធ្វើឡើងក្រោយពេលមានហានិភ័យខ្ពស់ពីការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងដោយអំពើឈ្លានពានរបស់យោធាថៃ។

ប្រតិបត្តិការនេះ បានចាប់ផ្តើមនៅរាត្រីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ ដោយទទួលបានការអនុញ្ញាត និងមតិដឹកនាំពី លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង លោក ឈន សាណាត អគ្គនាយកអគ្គនាយកដ្ឋានពន្ធនាគារ។ ការងារត្រូវបានអនុវត្តជាមួយកិច្ចសហការពីអគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរខេត្តពាក់ព័ន្ធ។

ការជម្លៀសជនជាប់ឃុំទាំងនេះ បានប្រើប្រាស់រថយន្ត សរុបចំនួន ៣២ គ្រឿង និងមន្ត្រីសរុបចំនួន ២២១ នាក់។ ប្រតិបត្តិការនេះ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី០៩ ខែធ្នូ វេលាម៉ោង ០៤និង៤០នាទីទៀបភ្លឺ ប្រកបដោយសុវត្ថិភាពខ្ពស់។

ការជម្លៀសជនជាប់ឃុំជាច្រើននេះ បង្ហាញពីការយកចិត្តទុកដាក់របស់ក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធ ក្នុងការពារជីវិត និងសុវត្ថិភាពជនជាប់ឃុំ ព្រមទាំងធានាឱ្យប្រតិបត្តិការនៅតាមពន្ធនាគារបន្តទៅដោយរលូន៕