2025-12-14 10:53
4

ការគម្រាមដោយប្រយោលពីប្រធានអាស៊ាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម ឲ្យមានការឈប់បាញ់រវាង កម្ពុជា-ថៃ ដែលចូលជាធរមាននៅម៉ោង ១០៖០០ នាទី យប់ថ្ងៃទី១៣ ធ្នូ ម្សិលមិញនេះ មិនមានប្រសិទ្ធនោះទេ ដោយថៃនៅតែបន្តបាញ់សង្គ្រប់ខ្លាំងចូលដីកម្ពុជាតាំងពីព្រឹកថ្ងៃអាទិត្យនេះមកម្ល៉េះ។

សម្ដីរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ហាក់លែងមានទម្ងន់សង្កត់កថៃបានហើយ បើទោះបីជាប្រធានប្ដូរវេនអាស៊ានរូបនេះ ខំដាក់ការគម្រាមដោយប្រយោលឲ្យមានបទឈប់និងស្នើឲ្យក្រុម AOT ប្រើរូបភាពផ្កាយរណប ដើម្បីប្រមូលភស្តុតាងដាក់ជូនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃទី១៦ ខែធ្នូ ខាងមុខ ប្រសិនជាប្រទេសទាំងពីរនៅតែបន្តបាញ់គ្នាតទៅទៀត។

ផ្ទុយទៅវិញ ជាការផ្គើននឹងប្រធានប្ដូរវេនអាស៊ានខាងលើ មិនបានប៉ន្មានម៉ោងផង នាយករដ្ឋមន្រ្តីចាំផ្ទះថៃ លោក អានុទីន ឆានវីរ៉ាក់គុល បានចេញមកប្រកាសទាំងមហិច្ឆតាថា ថៃលែងត្រូវការស្តាប់អ្នកណាទៀតហើយ សូម្បីតែអាមេរិក និងម៉ាឡេស៊ី។ 

សម្ដីហួសមាឌរបស់ អានុទីន សបញ្ជាក់ឲ្យឃើញថា នេះជាការប្រមាថមើលងាយដល់បងធំអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានអាស៊ាន អាន់វ៉ា អ៊ីប្រាហ៊ីម យ៉ាងខ្លាំង។

យ៉ាងណាមិញបើយើងប្រឡេកមកស្ដាប់សេចក្ដីថ្លែងការណ៍មួយរបស់ លោក ត្រាំ ជុំវិញកម្ដៅកំពុងពុះកញ្ជ្រោលរបស់យោធាថៃ ដែលកំពុងបាញ់ស្រោចចូលដីកម្ពុជាឯណេះវិញ លោកបានចាត់ទុកការជាន់មីនរបស់ទាហានថៃ កាលពីពេលកន្លងមកគ្រាន់តែជាឧប្បទ្ទវហេតុប៉ុណ្ណោះ ប៉ុន្តែថៃបែជាកម្រោលចូលបាញ់សង្គ្រប់យ៉ាងខ្លាំងក្លាលើកម្ពុជាបែបនេះទៅវិញ។ ប្រសាសន៍របស់បងធំអាមេរិករូបនេះ ហាក់សបញ្ជាក់ឲ្យដឹងថា លោកបានដឹងសខ្មៅរួចមកហើយ ថាភាគីណាជាអ្នកបំពានបទឈប់បាញ់ និងជាអ្នកហែកកិច្ចព្រមព្រៀងសន្តិភាពមុននោះ។

ក្រឡេកទៅមើលការឡាំប៉ារបស់ថៃវិញ គ្រាន់តែប៉ុន្មានប្រយោគដែល ត្រាំ លើកឡើងនេះ ថៃហាក់ទទួលការពិតមិនបាន និងបានឡាំប៉ាខំស្រែកឆោឡោថា ការនិយាយរបស់មហាអំណាចអាមេរិកបែបនេះ គឺពិតជាមិនយុត្តិធម៌ និងបំបាក់មុខប្រទេសខ្លួនយ៉ាងខ្លាំង ដែលធ្វើឲ្យពួកគេមិនអាចទទួលយកបាន៕