2025-12-23 10:35
16

បន្ទាយមានជ័យ៖ យោធាថៃ បានបន្តបាញ់ផ្លោងចំនួន ០២ គ្រាប់ ចូលក្នុងភូមិសាស្ត្រប៉ោយប៉ែត មួយគ្រាប់ធ្លាក់នៅសង្កាត់អូរឬស្សី និង មួយគ្រាប់ទៀតធ្លាក់នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលជាតំបន់ជនស៊ីវិល។

ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ តាមរយៈបណ្តាញសង្គមបានបង្ហាញនូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ អំពីករណីយោធាថៃ នៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជានៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រសួងការពារជាតិ បានបញ្ជាក់ថា នៅម៉ោង ០៨និង០១នាទី យោធាថៃបានបាញ់ផ្លោង ចំនួន ០២ គ្រាប់ ក្នុងភូមិសាស្ត្រប៉ោយប៉ែត ១គ្រាប់ ធ្លាក់នៅសង្កាត់អូរឬស្សី និង ១គ្រាប់ទៀត ធ្លាក់នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

កងកម្លាំងកម្ពុជា បាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ។ 

ក្រសួងការពារជាតិអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋតាមដាន និងទទួលព័ត៌មានពីប្រភពផ្លូវការ ព្រមទាំងចូលរួមសហការណ៍ និងគោរពទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋានទាំងអស់គ្នា៕