ព្រំដែន៖ គិតត្រឹមម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ នៅសមរភូមិតំបន់ប្រាសាទព្រះវិហារ ខេត្តព្រះវិហារ យោធាសៀម បន្ដបើការបាញ់ផ្លោងសង្គ្រប់ខ្លាំងមកលើដែនអធិបតេយ្យកម្ពុជា ខណៈកងកម្លាំងរបស់កម្ពុជា ក៏បានឆ្លើយតបវិញយ៉ាងខ្លាំងផងដែរ ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា មិនអនុញ្ញាតឱ្យខ្មាំងឈ្លានពានដាច់ខាត់ ទោះក្នុងតម្លៃណា ក៏ដោយ។
តាមសេចក្តីរាយការណ៍ពីជួរមុខបានបញ្ជាក់ថា នៅសមរភូមិផ្សេងៗទៀត ដូចជា ថ្មដា ប្រាសាទតាមាន់ ឧត្តរមានជ័យ បឹងត្រកួន ជោគជ័យ និងព្រៃចាន់ មានភាពស្ងប់ស្ងាត់ធម្មតា។
ក្រសួងការពារជាតិ បានបញ្ជាក់ថា “សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ”។
គិតរហូតមកដល់ម៉ោងនេះ វីរកងទ័ព និងវីរនគរបាលកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវ ឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។
យើងក៏បញ្ជាក់ឡើងវិញនូវសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើង ដូចដែលមានចែងនៅ ក្នុងច្បាប់អន្តរជាតិ ដើម្បីការពារបូរណភាពទឹកដី និងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយ៕



