2025-12-23 15:48
8

ភ្នំពេញ៖ យោធាថៃ បន្តបាញ់ប្រហារមកលើដែនអធិបតេយ្យកម្ពុជា ដោយប្រើប្រាស់គ្រាប់បែកចង្កោម ប្រភេទ M46 ដែលបាញ់ចេញពីកាំភ្លើងធំ ១៥៥មម ហើយបាញ់ចុងក្រោយ គឺនៅថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០២៥នេះ។ នេះបើតាមការអះអាងរបស់ លោក ហេង រតនា អគ្គនាយអង្គភាពស៊ីម៉ាក់ នៅថ្ងៃអង្គារនេះ។
លោក ហេង រតនា បានថ្លែងបញ្ជាក់លើបណ្តាញសង្គមថា៖ «នៅថ្ងៃទី២២-២៣ ខែធ្នូ ឆ្នាំ២០២៥នេះ ពួកទាហានសៀមបន្តបាញ់គ្រាប់បែកចង្កោម ប្រភេទ M46 តាមរយៈគ្រាប់កាំភ្លើងធំ ១៥៥មម ចូលបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា»។
លោកបានចាត់ទុកថា៖ «វាជាទង្វើការរំលោភច្បាប់អនុសញ្ញាអន្តរជាតិអូស្លូ ហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោមយ៉ាងធ្ងន់ធ្ងរមួយទៅហើយ បន្ថែមលើសនេះ ការបាញ់ប្រហារនេះ មកលើភូមិឋាន ផ្ទះសំបែង ប្រជាពលរដ្ឋដែលទង្វើនេះកាន់តែរំលោភបំពាន់លើច្បាប់អន្តរជាតិមួយចំនួនបន្ថែមទៀត»។
សូមជម្រាបថា គិតត្រឹមម៉ោងជាង២រសៀលនេះ យោធាថៃ បន្តការបាញ់ប្រហារចូលដែនអធិបតេយ្យកម្ពុជាឥតឈប់ឡើយ។ ក្រសួងការពារជាតិ បានបញ្ជាក់ថា នៅម៉ោង១៣និង៣៧នាទី យោធាថៃបានបន្តបាញ់ផ្លោង ចំនួន ០៤ គ្រាប់ ចូលទីប្រជុំជនដែលមានប្រជាជនរស់នៅច្រើនកុះករ  ក្នុងភូមិសាស្ត្រភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ខេត្តបន្ទាយមានជ័យ៕