2025-12-23 16:49
9

ព្រំដែន៖    គិតត្រឹមម៉ោង ០៤និង៣០នាទី នាថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ នេះបើតាមការបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជា នារសៀលថ្ងៃអង្គារនេះ។
ប្រភពដដែលបានបានឱ្យដឹងថា នៅម៉ោង ១៦និង១០នាទី យោធាថៃបានធ្វើការបាញ់ផ្លោងចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា ចំនួន ១០ គ្រាប់ ក្នុងភូមិសាស្រ្តក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ 
គិតមកដល់ម៉ោងនេះ ស្ថានការណ៍បានវិលមករកភាពស្ងប់ស្ងាត់ហើយ ប៉ុន្តែកងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ៕