2025-12-26 09:34
11

ភ្នំពេញ៖ នាយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាតាមទូរសព្ទជាមួយ លោក Marco Rubio រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីស្ថានភាពតាមបណ្តោយព្រំដែន កម្ពុជា-ថៃ។ ការពិភាក្សានេះ មានគោលបំណងជំរុញឲ្យមានបទឈប់បាញ់ឆាប់រហ័ស និងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាព ដើម្បីស្វែងរកសន្តិភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ។

ក្នុងជំនួបតាមទូរសព្ទនោះ លោករដ្ឋមន្ត្រី Rubio បានគូសបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា “សហរដ្ឋអាមេរិក ចង់ឃើញសន្តិភាពស្ថិតស្ថេររវាងកម្ពុជា និងថៃ និងខិតខំជម្រុញឱ្យមានបទឈប់បាញ់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។ 

សម្តេច ហ៊ុន ម៉ាណែត បានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជា ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថា ភាគីទាំងពីរនឹងបន្តធ្វើការជាមួយគ្នាស្របតាមកិច្ចព្រមព្រៀងដែលមាន។ 

សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា “កម្ពុជាបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមកិច្ចព្រមព្រៀង និងយន្តការដែលបានឯកភាពគ្នានាពេលកន្លងមក រួមទាំងសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ដើម្បីដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ”៕