2025-12-29 09:39
6

យូណាន៖ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីក្រុងគុនមិញ ខេត្តយូណាន។

ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា កម្ពុជាផ្តល់សារៈសំខាន់ខ្ពស់ចំពោះសាមគ្គីភាពជាប្រពៃណី មិត្តភាពដែកថែបដ៏យូរអង្វែង និងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃទំនាក់ទំនង កម្ពុជា-ចិន។ ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការប្រាស្រ័យទាក់ទងគ្នាយ៉ាងជិតស្និតនៅគ្រប់កម្រិត និងគ្រប់វិស័យ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះតួនាទីសកម្ម និងស្ថាបនារបស់ប្រទេសចិន ក្នុងការគាំទ្រឱ្យមានបទឈប់បាញ់ក្នុងជម្លោះ កម្ពុជា-ថៃ។ ការគាំទ្រជាបន្តបន្ទាប់របស់មិត្តចិន ក្នុងការជំរុញដំណោះស្រាយជម្លោះតាមរយៈកិច្ចសន្ទនា វិធីការទូត និងការគោរពគ្នាទៅវិញទៅមក ត្រូវបានចាត់ទុកថា មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការគាំទ្រដល់ការអនុវត្តបទឈប់បាញ់ឲ្យបានពេញលេញ និងឆ្ពោះទៅរកសន្តិភាពដ៏យុត្តិធម៌ និងយូរអង្វែងក្នុងតំបន់។

ជំនួបទ្វេភាគីនេះ សម្គាល់ឲ្យឃើញពីការបន្តពង្រឹងទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន សម្រាប់ផលប្រយោជន៍រួម និងសន្តិភាពតំបន់៕