2025-12-31 10:25
21

ក្រោយការរង់ចាំ បានអូសបន្លាយអស់រយៈពេល ១៥៥ ថ្ងៃ គិតចាប់ពីថ្ងៃដែលវីរកងទ័ពកម្ពុជា ត្រូវបានចាប់ខ្លួន រហូតមកទល់នឹងបច្ចុប្បន្ន  នាព្រឹកថ្ងៃទី៣១ ខែធ្នូនេះ យោធិនកម្ពុជាទាំង១៨រូប បានវិលត្រឡប់មកប្រទេសកំណើតវិញហើយ តាមច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ព្រះរាជាណាចក្រកម្ពុជា ។ឧ

ជាការពិត ក្រោយឱសានវាទ៧២ ម៉ោងនៃបទឈប់បាញ់ត្រូវបានអនុវត្តរវាងភាគីកម្ពុជា-ថៃ  ត្រង់ចំណុចទី ១១ នៃសេចក្តីប្រកាសរួម ក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់យ៉ាងច្បាស់ថា “ស្របតាមស្មារតីនៃសេចក្តីប្រកាសរួមទីក្រុងគូឡាឡាំពួរ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ យោធិនកម្ពុជា ចំនួន ១៨ រូប នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីបទឈប់បាញ់ ត្រូវបានគោរពយ៉ាងពេញលេញ ក្នុងរយៈពេល ៧២ ម៉ោង”។ 

យ៉ាងណាមិញ បើទោះបីជាការគោរពបទឈប់បាញ់បានពេញលេញ ៧២ ម៉ោង ដោយភាគីថៃសន្យាថា នឹងដោះលែងវីរៈកងទ័ពកម្ពុជា១៨នាក់ នាវេលាម៉ោង១២៖០០ នាទីថ្ងៃត្រង់នេះ ត្រូវបានពន្យាពេល និងមានភាពយឺតយ៉ាវយ៉ាងណាក្ដី ប៉ុន្តែខណៈនេះ យោធិនកម្ពុជាទាំង១៨រូប របស់យើងបានត្រឡប់មកមាតុភូមិកម្ពុជាដោយសុខសុវត្ថិភាពវិញហើយ។ 

កែវភ្នែកនៃការរំភើបត្រេកអរពីសំណាក់ក្រុមគ្រួសារ សាច់ញាតិរបស់យោធិនកម្ពុជា សបញ្ជាក់ឲ្យយើងបានដឹងពីការនឹករឭក ទំហំនៃភាពអន្ទះសារក្នុងការទន្ទឹងចាំមើលផ្លូវមិនលួសមួយថ្ងៃរបស់ពួកគេនាពេលនេះ បានក្លាយជាការពិតហើយ។ 

យ៉ាងណាក៏ដោយ ថ្នាក់ដឹកនាំ រួមទាំងពលរដ្ឋកម្ពុជាទាំងអស់ ក៏បានចូលរួមសាទរ និងបង្ហាញពីក្ដីរំភើបឥតឧបមា ក្រោយការរង់ចាំដ៏សែនយូរ ក្នុងការដែលបានឃើញយោធិនកម្ពុជាយើង វិលត្រឡប់មកមាតុប្រទេសវិញទាំងសុខ និងសុវត្ថិភាពបែបនេះ៕