2025-12-31 11:35
21

ប៉ៃលិន៖ នៅវេលាម៉ោង ១០និង០០នាទី ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងយោធិនកម្ពុជា ចំនួន ១៨ រូប ដែលបានស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃ អស់រយៈពេល ១៥៥ ថ្ងៃ ត្រូវបានដោះលែង និងបញ្ជូនត្រឡប់មកប្រទេសវិញ ដោយសុវត្ថិភាព នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន។

អ្នកនាំពាក្យក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា ការដោះលែងយោធិនកម្ពុជា ចំនួន ១៨ រូប ត្រឡប់មកកម្ពុជាវិញ គឺធ្វើឡើងក្រោមការឯកភាពគ្នារវាងកម្ពុជា និងថៃ នៅក្នុងសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងចំណុចទី១១ ដែលបានកំណត់ថា «បន្ទាប់ពីការគោរពយ៉ាងពេញលេញក្នុងរយៈពេល ៧២ ម៉ោង នៃបទឈប់បាញ់ ដែលត្រូវបានចូលជាធរមានកាលពីវេលាម៉ោង ១២និង០០ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ការដោះលែងយោធិនកម្ពុជាត្រូវអនុវត្តជាក់ស្តែង»។ ក្នុងដំណើរនៃការវិលត្រឡប់របស់យោធិនទាំង ១៨ រូប របស់យើង ក៏មានការចូលរួមសង្កេតការណ៍ពីសំណាក់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC)។ 

អ្នកស្រី ម៉ាលី សុជាតា បានបញ្ជាក់ថា «ការដោះលែងយោធិនរបស់យើងទាំង ១៨នាក់ នេះ ក៏ស្របជាមួយនឹងស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួរ ស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ក្រោមការធ្វើជាសាក្សីរបស់ លោក ដូណាល់ ត្រាំ ប្រធានាធិបតី នៃសហរដ្ឋអាម៉េរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី។

ដូចដែលរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធានា និងសន្យាយ៉ាងមុតមាំជាមួយក្រុមគ្រួសាររបស់យោធិនទាំង ១៨ នាក់ ក៏ដូចជាប្រជាជននៅទូទាំងប្រទេសថា “យើងមិនទុកយោធិនរបស់យើងណាម្នាក់ចោលនោះឡើយ” ដោយយើងបានប្រើប្រាស់គ្រប់មធ្យោបាយ និងដំណោះស្រាយទាំងការទូត ព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិ រហូតសម្រេចបានការដោះលែងនាថ្ងៃនេះ ដើម្បីឱ្យយោធិនរបស់យើងអាចមកជួបជុំក្រុមគ្រួសារជាទីស្រឡាញ់របស់ខ្លួនដែលបានទន្ទឹងរង់ចាំដោយក្តីនឹករំឮកជាពន់ពេក។

រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាជននៅទូទាំងប្រទេស សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសម្របសម្រួលជាបន្តបន្ទាប់ រហូតឈានដល់មានការដោះលែងយោធិនកម្ពុជាទាំង ១៨រូបនាថ្ងៃនេះ។ 

កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការដោះលែងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងការជឿជាក់ និងជំនឿទុកចិត្ត ព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរនាពេលដ៏ឆាប់ខាងមុខ៕