2026-01-01 14:43
8

តៃប៉ិ៖ ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីងតេ បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា តៃវ៉ាន់ ប្តេជ្ញាការពារអធិបតេយ្យភាព រួមទាំងជំរុញបន្ថែមនូវការការពាររបស់ខ្លួន ដើម្បីជារនាំងប្រឈមមុខនឹងការរីកធំធាត់របស់ចិន បន្ទាប់ពីទីក្រុងប៉េកាំងបានបាញ់គ្រាប់រ៉ុក្កែតឆ្ពោះទៅកាន់កោះនេះ ដែលជាផ្នែកមួយនៃសមយុទ្ធយោធា។ នេះបើតាមការចេញផ្សាយដោយ Reuter។

ក្រោយសហរដ្ឋអាមេរិកបានអនុម័តលក់អាវុធក្នុងតម្លៃ ១១,១ ពាន់លានដុល្លារ ទៅឱ្យតៃវ៉ាន់   ធ្វើឲ្យចិនក្ដៅស្លឹកត្រចៀក ដែលប្រទេសមហាអំណាចនេះបានសម្តែងការខឹងសម្បារខ្លាំងជាមួយកោះតៃវ៉ាន់   ហើយនេះអាចជាហេតុផលក្នុងការរុញច្រានស្ថានភាពទីក្រុងប៉េកាំងនិងតៃប៉ិឲ្យកាន់តែអាក្រក់ឡើង។

តាមការចេញផ្សាយពីសារព័ត៌មាន AP នៅថ្ងៃទី០១ មករា ឆ្នាំ២០២៦ នេះបានឲ្យដឹងថា បន្ទាប់ពីការសាទរចំពោះវឌ្ឍនភាពបច្ចេកវិទ្យារបស់ទីក្រុងប៉េកាំង កាលពីថ្ងៃពុធនាឱកាសចូលឆ្នាំសកល លើវិស័យនានាដូចជា បញ្ញាសិប្បនិមិត្ត និងគ្រឿងអេឡិចត្រូនិក លោក ស៊ី ក៏ឆ្លៀតទទូចជាថ្មីម្តងទៀតថា ប្រទេសរបស់លោកនឹងដាក់បញ្ចូលកោះតៃវ៉ាន់ ឲ្យស្ថិតក្នុងដែនគ្រប់គ្រងរបស់លោក។ 

គួរឲ្យដឹងថា ផែនការ “បង្រួបបង្រួមតៃវ៉ាន់” គឺជាគោលនយោបាយចម្បងមួយរបស់រដ្ឋាភិបាលចិន (People’s Republic of China) និងគណ:កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ត (CCP)។ ដោយពួកគេធ្លាប់ថ្លែងថា តៃវ៉ាន់ស្ថិតក្នុងសន្ធិសញ្ញា “ប្រទេសមួយ, ប្រព័ន្ធពីរ” (One Country, Two Systems) និងគួរតែត្រូវបាន “ភ្ជាប់ជាមួយសាធារណរដ្ឋប្រជាមានិតចិន” ក្នុងថ្ងៃអនាគត។

នេះគឺជាចំណុចដ៏រសើបមួយរវាងចិននិងតៃវ៉ាន់ ដែលកំពុងធ្វើឲ្យពិភពលោកផ្ដោតការតាមដានទៅលើស្ថានភាពនៃទីក្រុងប៉េកាំង និងតៃប៉ិ។ អ្វីដែលធ្វើឲ្យមហាអំណាចផ្សេងទៀត មិនអាចដកភ្នែកចេញពីស្ថានការណ៍រវាងទីក្រុងទាំងពីរនេះបាន ក្រោយមហាយក្សចិន ទើបតែប្រកាសធ្វើសមយុទ្ធយោធាទ្រងទ្រាយធំ ដោយបាញ់គ្រាប់ពិតជុំវិញកោះតៃវ៉ាន់ ជាហេតុធ្វើឲ្យទីក្រុងតៃប៉ិ ហៅសកម្មភាពទាំងនេះថា ជាទង្វើគំរាមកំហែងផ្នែកយោធាយ៉ាងពិតប្រាដកលើដែនកោះតៃវ៉ាន់៕