2026-01-02 14:32
18

សង្គ្រាមឈ្លានពានដោយប្រើកម្លាំងយោធា ដើម្បីរំលោភបំពានបូរណភាពទឹកដី នៃរដ្ឋអធិបតេយ្យមួយទៀត គឺមិនត្រឹមតែជាការរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិប៉ុណ្ណោះទេ តែជាអំពើឧក្រិដ្ឋប្រឆាំងនឹងបរិស្ថានផងដែរ។ សកម្មភាពទាំងអស់នេះ បានបង្កឲ្យមានការបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ី ការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងទ្រង់ទ្រាយធំ និងមានលក្ខណៈយូរអង្វែង ហើយឈានដល់មិនអាចស្តារមកវិញបានឡើយ។ ផលប៉ះពាល់ទាំងនេះ មិនបញ្ចប់ត្រឹមតំបន់សមរភូមិនោះទេ ប៉ុន្តែអាចបន្តរយៈពេលជាច្រើនជំនាន់។ 

ការឈ្លានពានដែលជាអំពើឧក្រិដ្ឋកម្មបរិស្ថាននេះ គឺទាមទារចាំបាច់ឲ្យមានការទទួលខុសត្រូវលើការការពារបរិស្ថាន និងធនធានធម្មជាតិ និងការយកចិត្តទុកដាក់កាន់តែខ្លាំងក្នុងពេលមានជម្លោះ រួមទាំងបន្ថែមនូវការប្តេជ្ញាចិត្តសកលចំពោះសន្តិភាព ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាចីរភាពបរិស្ថាន និងធនធានធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយនិងពេលអនាគត។

១. ការបំផ្លាញប្រព័ន្ធអេកូឡូស៊ី និងទីជម្រកធម្មជាតិ៖ ប្រតិបត្តិការយោធា ដែលបង្កជាសង្គ្រាម គឺជាមូលហេតុសំខាន់មួយនាំឲ្យមានការបំផ្លាញប្រព័ន្ធអេកូឡូស៊ីនិងទីជម្រកធម្មជាតិយ៉ាងធ្ងន់ធ្ងរ។ ការប្រើប្រាស់សព្វាអាវុធធន់ធ្ងន់ ការបាញ់ផ្សែងពុល ការបំផ្ទុះគ្រាប់បែក និងសកម្មភាពយោធានានា បានបំផ្លាញព្រៃឈើ ដីស្រែ ទន្លេ និងតំបន់សមុទ្រ ដែលជាមូលដ្ឋានសម្រាប់ជីវិតរបស់មនុស្ស សត្វព្រៃ និងមច្ឆជាតិ។ 

ពេលប្រព័ន្ធអេកូឡូស៊ីត្រូវបានបំផ្លាញ សមតុល្យធម្មជាតិក៏ដួលរលំបណ្ដាលឲ្យបាត់បង់ជីវៈចម្រុះ និងការផុតពូជសត្វ និងរុក្ខជាតិជាច្រើនប្រភេទ។ ក្រៅពីការបំផ្លាញដោយផ្ទាល់ សង្គ្រាមក៏បង្កការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរផងដែរ។ 

សំណល់អាវុធ សារធាតុគីមី ប្រេង និងសម្ភារៈយោធាផ្សេងៗ អាចជ្រៀតចូលទៅក្នុងដី និងប្រភពទឹក បង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស និងសត្វ។ ការបំផ្លាញទីជម្រកធម្មជាតិ ធ្វើឲ្យសត្វព្រៃខ្វះជម្រករស់នៅ និងអាហារ បង្ខំឲ្យមានការផ្លាស់ទី ឬត្រូវស្លាប់បាត់បង់។ ជាមួយគ្នានេះ សហគមន៍មនុស្សដែលអាស្រ័យលើធនធានធម្មជាតិ ក៏រងផលប៉ះពាល់ដូចគ្នា ដោយបាត់បង់ដីធ្លីកសិកម្ម និងជីវភាពប្រចាំថ្ងៃ។ ផលវិបាកទាំងនេះអាចបន្តពីជំនាន់មួយទៅជំនាន់មួយ បង្កជាបញ្ហាបរិស្ថាន សង្គម និងសេដ្ឋកិច្ចយ៉ាងស្មុគស្មាញ។

២. ការបំពុលដី អាកាស ទឹក និងសំឡេង៖ សង្គ្រាមឈ្លានពានជាមូលហេតុដ៏សំខាន់មួយដែលបង្កការបំពុលបរិស្ថានក្នុងទ្រង់ទ្រាយធំ ជាពិសេសលើ ដី ដែនអាកាស និងទឹក។ ការប្រើប្រាស់អាវុធ ការបំផ្ទុះគ្រាប់បែក សកម្មភាពយោធា និងសំណល់សង្គ្រាម បានបញ្ចេញសារធាតុពុលចូលទៅក្នុងធម្មជាតិ បង្កផលប៉ះពាល់យូរអង្វែងដល់សុខភាពមនុស្ស ប្រព័ន្ធអេកូឡូស៊ី និងជីវភាពសហគមន៍។ 

- ការបំពុលដី កើតឡើងពីសំណល់អាវុធ គ្រាប់មិនទាន់ផ្ទុះ សារធាតុគីមី និងប្រេងពីយានយន្តរបស់យោធាថៃ។ សារធាតុទាំងនេះអាចជ្រៀតចូលទៅក្នុងដី បំផ្លាញគុណភាពដីកសិកម្ម ធ្វើឲ្យដំណាំលូតលាស់មិនបានល្អ និងបង្កហានិភ័យដល់សុវត្ថិភាពអាហារ។ នៅតំបន់ជាច្រើន ការបំពុលដីដោយសំណល់សង្គ្រាម អាចបន្តរាប់សិបឆ្នាំ ហើយពិបាកសម្អាតឲ្យស្អាតវិញ។

- ការបំពុលអាកាស កើតឡើងពីលម្អង និងឧស្ម័នគីមីពុលដែលបានបាញ់ស្រោចពីយន្តហោះចម្បាំង ឬបញ្ចេញពីការបំផ្ទុះ និងការដុតសម្ភារៈយោធា។ ផ្សែងពុល និងធូលីល្អិតអាចប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមនឹងបង្កជំងឺរ៉ាំរ៉ៃ។ ការបំពុលអាកាសក៏អាចរាលដាលឆ្ងាយពីតំបន់សង្គ្រាមតាមរយៈខ្យល់ បង្កផលប៉ះពាល់ដល់តំបន់ជិតខាងផងដែរ។

- ការបំពុលទឹក គឺជាបញ្ហាធ្ងន់ធ្ងរមិនអាចមើលរំលងបាន។ ប្រេង សារធាតុគីមី និងសំណល់  សង្គ្រាមអាចហូរចូលទៅក្នុងប្រភពទឹកធម្មជាតិដែលមនុស្សនិងសត្វពឹងអាស្រ័យ ដូចជាទន្លេ បឹង និងសមុទ្រ បំផ្លាញជីវិតសត្វទឹក និងធ្វើឲ្យប្រភពទឹកស្អាតក្លាយជាមិនសុវត្ថិភាពសម្រាប់ប្រើប្រាស់។ សហគមន៍ដែលអាស្រ័យលើទឹកសម្រាប់ផឹក កសិកម្ម និងនេសាទ តែងរងផលប៉ះពាល់យ៉ាងខ្លាំង ព្រមទាំងមានហានិភ័យជំងឺឆ្លងផ្សេងៗ។

- ការបំពុលដោយសំឡេង គឺជាបញ្ហាបរិស្ថានមួយដែលកើតឡើងនៅពេលមានសំឡេងខ្លាំងលើសកម្រិតធម្មតា ហើយប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថានជុំវិញ។ ក្នុងស្ថានភាពសង្គ្រាម ការបំពុលដោយសំឡេងកើតមានយ៉ាងខ្លាំង ពិសេសពីការបំផ្ទុះគ្រាប់បែក កាំភ្លើងធន់ធ្ងន់ និងការហោះហើររបស់យន្តហោះចម្បាំង។ ការបំផ្ទុះគ្រាប់បែក ស្នូរកាំភ្លើងធន់ធ្ងន់ និងសំឡេងយន្តហោះចម្បាំង បង្កសំឡេងខ្លាំងបំផុត ដែលអាចឮឆ្ងាយជាច្រើនគីឡូម៉ែត្រ។ សំឡេង បែបនេះអាចធ្វើឲ្យមនុស្សមានអារម្មណ៍ភ័យខ្លាច ធុញថប់ ស្ត្រេស និងបាត់បង់សមត្ថភាពស្តាប់ជាបណ្ដោះអាសន្ន ឬយូរអង្វែង។ ចំពោះសត្វព្រៃ សំឡេងផ្ទុះអាចរំខានដល់ការរស់នៅធម្មតា បណ្តាលឲ្យពួកសត្វព្រៃរត់គេចចេញពីទីជម្រក បាត់បង់ទីកន្លែងស្វែងរកអាហារ និងការបន្តពូជ។

៣. ការធ្វើអាជីវកម្ម និងការរំលោភបំពានធនធានធម្មជាតិ៖ កងកម្លាំងទ័ពឈ្លានពាន ជាញឹកញាប់លួចយក ឬប្រើប្រាស់ធនធានធម្មជាតិ ដូចជាសត្វព្រៃ ឈើ រ៉ែ ប្រេង និងទឹក ដើម្បីគាំទ្រប្រតិបត្តិការយោធា ឬរកប្រាក់ចំណេញ។ 

ការកាប់ឈើខុសច្បាប់ ការជីករ៉ែដោយគ្មានការត្រួតពិនិត្យតាមបទដ្ឋាន និងការទាញយកប្រេង បង្កឲ្យបរិស្ថានខូចខាតយ៉ាងធ្ងន់ធ្ងរ និងការដកហូតធនធានចាំបាច់ពីសហគមន៍មូលដ្ឋាន ដែលធ្វើឲ្យជម្លោះសង្គ្រាមអូសបន្លាយមិនចេះចប់។ ការការពារ និងចូលរួមថែរក្សាធនធានធម្មជាតិ ក្នុងពេលសង្គ្រាម គឺជាការធានានូវអាយុជីវិតរស់នៅរបស់មនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី បន្តរហូតដល់ជំនាន់ក្រោយ បន្ទាប់ពីពេលសង្គ្រាមត្រូវបានបញ្ចប់។

៤. ផលប៉ះពាល់ដល់សត្វព្រៃ និងជីវៈចម្រុះ៖ ការរំខានដោយសំឡេងអាវុធយោធា ការបំផ្លាញទីជម្រក និងការផ្លាស់ទីប្រជាជន នឹងបង្កឲ្យមានការភ័យខ្លាចដល់ការរស់នៅរបស់សត្វព្រៃ និងផុតពូជសម្រាប់ប្រភេទងាយរងគ្រោះនិងជិតផុតពូជ ដែលសកម្មភាពទាំងអស់នេះនឹងបង្កឲ្យពួកគេគេចខ្លួន ឬឈានដល់ការស្លាប់។ 

តំបន់ការពារធម្មជាតិ និងឧទ្យានជាតិ ដែលជារបៀងអភិរក្ស ជារឿយៗត្រូវបានក្លាយជាសមរភូមិ ឬតំបន់គ្មានសណ្តាប់ធ្នាប់ និងពិបាកក្នុងការគ្រប់គ្រងនិងការពារ ដែលជាទូទៅបណ្តាលឲ្យមានការលួចបាញ់សត្វ និងការបាត់បង់ប្រភេទសត្វកម្រច្រើន។ ការបាត់បង់ជីវៈចម្រុះទាំងអស់នេះ នឹងធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីចុះខ្សោយ ហើយពិបាកស្តារឡើងវិញ។ 

សង្គ្រាម គឺជាបញ្ហាធ្ងន់ធ្ងរមួយដែលប៉ះពាល់យ៉ាងខ្លាំងដល់មនុស្ស សង្គម និងបរិស្ថាន។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ និងកម្មវិធីបរិស្ថានសហប្រជាជាតិ (UNEP) បានបញ្ជាក់ថា សង្គ្រាមមិនត្រឹមតែបង្កការបាត់បង់ជីវិតមនុស្សទេ ប៉ុន្តែថែមទាំងបំផ្លាញសត្វព្រៃ និងជីវៈចម្រុះយ៉ាងធ្ងន់ធ្ងរ ដែលមានឥទ្ធិពលយូរអង្វែងលើប្រព័ន្ធអេកូឡូស៊ី។ 

សង្គ្រាមបណ្តាលឲ្យមានការបំផ្លាញទីជម្រកធម្មជាតិរបស់សត្វព្រៃ។ ការបំផ្ទុះគ្រាប់បែក ការសាងសង់មូលដ្ឋានយោធា និងការកាប់ព្រៃ បានធ្វើឲ្យព្រៃឈើ ដីសើម និងតំបន់ការពារធម្មជាតិជាច្រើនត្រូវរងការខូចខាត។ យោងតាម UNEP ការបាត់បង់ទីជម្រកធម្មជាតិ ជាមូលហេតុសំខាន់ដែលធ្វើឲ្យសត្វព្រៃជាច្រើនប្រភេទថយចុះ ឬជិតផុតពូជ។

បន្ថែមពីនេះ សង្គ្រាមក៏បង្កការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ សំណល់អាវុធ សារធាតុគីមី និងប្រេងឥន្ធនៈពីសកម្មភាពយោធា អាចបំពុលដី ទឹក និងខ្យល់។ ឯកសាររបស់ UNEP បានបញ្ជាក់ថា ការបំពុលទាំងនេះធ្វើឲ្យសត្វទឹក និង រុក្ខជាតិជាច្រើនស្លាប់ ហើយបំផ្លាញខ្សែសង្វាក់អាហារនៅក្នុងប្រព័ន្ធអេកូឡូស៊ី។ លើសពីនេះទៀត សង្គ្រាមធ្វើឲ្យការគ្រប់គ្រងធនធានធម្មជាតិ និងតំបន់អភិរក្សអសកម្ម។ នៅតំបន់មានជម្លោះ អាជ្ញាធរមិនអាច អនុវត្តច្បាប់ការពារសត្វព្រៃបានល្អ ដែលបណ្ដាលឲ្យមានការប្រមាញ់ និងជួញដូរសត្វព្រៃខុសច្បាប់កើនឡើងនឹងនាំឲ្យជីវៈចម្រុះបាត់បង់យ៉ាងឆាប់រហ័ស។

៥. ផលប៉ះពាល់យូរអង្វែងដល់អាកាសធាតុ និងសុខភាព៖ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលមកពីសកម្មភាពនៃសង្គ្រាម បានរួមចំណែកដល់ការ ប្រែប្រួលអាកាសធាតុក្នុងតំបន់ និងសកលតាមរយៈការកាប់បំផ្លាញព្រៃឈើក្នុងការបម្រើក្នុងសកម្មភាពយោធា ភ្លើងឆេះព្រៃនិងសម្ភារៈសឹកសង្គ្រាម ការដុតប្រេងឥន្ទនៈ និងអាវុធផ្ទុកសារធាតុគីមីនិងវិទ្យុសកម្ម ការប្រើប្រាស់យន្តហោះចម្បាំង រថក្រោះ និងនាវាចម្បាំង ការទម្លាក់គ្រាប់បែកបានបង្កឲ្យមានវិបត្តិអាកាសធាតុ រួមមានគ្រោះធម្មជាតិ គ្រោះរាំងស្ងួត កង្ខះខាតធនធាន(ជីវជាតិដី ទឹក បំពុលខ្យល់ រំខានដល់ស្រទាប់អូស្សូន ការកើនឡើងនូវកម្តៅរបស់ផែនដី) និងបង្កឲ្យមានហានិភ័យនៃជំងឺកម្រិតធ្ងន់ និងស្រួចស្រាល ដូចជាជំងឺមហារីក ពិការភាពពីកំណើត ជំងឺសើស្បែកធ្ងន់ធ្ងរ ជំងឺផ្លូវដង្ហើម ខូចតម្រងនោម ជំងឺផ្លូវចិត្ត ប្រព័ន្ធការពាររាងកាយចុះខ្សោយ ការផ្លាស់ប្តូរហ្សែននិងកោសិកា ជំងឺឆ្លង កង្វះអាហារូបត្ថម្ភជាដើម។ ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ដូចជាស្ពាន ផ្លូវថ្នល់ មន្ទីរពេទ្យ លំនៅដ្ឋាន ដោយសារសង្គ្រាមឈ្លានពានបង្កឲ្យមានកង្វះអាហារ និងកង្វះទឹកស្អាត អនាម័យ និងជំងឺ បានដាក់បន្ទុកបន្ថែមលើប្រទេសអភិវឌ្ឍន៍តិចតួចដូចជាប្រទេសកម្ពុជា ក្នុងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។

៦. ការរំលោភកាតព្វកិច្ចការពារបរិស្ថាន៖ បទដ្ឋានគតិយុត្តអន្តរជាតិស្តីពីបរិស្ថានទាំងឡាយ មិនត្រូវបានគោរពនៅពេលមានការឈ្លានពានដោយប្រដាប់អាវុធ ដើម្បីសម្រេចគោលដៅយោធារបស់គេ។ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានទាំងនេះ ប្រទេសនានាគួរតែគោរពច្បាប់អន្តរជាតិ ពង្រឹងការយកចិត្តទុកដាក់លើបរិស្ថាន ទោះស្ថិតក្នុងស្ថានភាពជម្លោះក៏ដោយ។ ការការពារបរិស្ថាន គឺជាការការពារជីវិត និងអនាគតរបស់មនុស្សជាតិទាំងមូល។

៧. ច្បាប់ និងគោលការណ៍អន្តរជាតិទាក់ទងនឹងបរិស្ថាន និងសង្គ្រាម៖ ច្បាប់អន្តរជាតិផ្តល់ការការពារសំខាន់ៗសម្រាប់បរិស្ថានធម្មជាតិក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធ។ ការការពារទាំងនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងច្បាប់មនុស្សធម៌អន្តរជាតិ ច្បាប់ព្រហ្មទណ្ឌអន្តរជាតិ និងគោលការណ៍បរិស្ថានសំខាន់ៗ ដូចដែលបានរៀបរាប់ខាងក្រោម៖

ក. ច្បាប់មនុស្សធម៌អន្តរជាតិ (International Humanitarian Law - IHL)
ក្នុងក្របខ័ណ្ឌនៃច្បាប់មនុស្សធម៌អន្តរជាតិ ពិធីសារបន្ថែមទី I (1977) នៃអនុសញ្ញាទីក្រុងហ្សឺណែវឆ្នាំ 1949 ផ្តល់នូវការការពារជាក់លាក់សម្រាប់បរិស្ថានធម្មជាតិ។

- មាត្រា ៣៥(៣)៖ ត្រូវបានហាមឃាត់ ការប្រើប្រាស់វិធីសាស្ត្រ ឬមធ្យោបាយសង្គ្រាមដែលមានចេតនា ឬដោយការរំពឹងទុក ដែលនឹងបង្កការខូចខាតយ៉ាងទូលំទូលាយ ដល់បរិស្ថានធម្មជាតិរយៈពេលវែង និងធ្ងន់ធ្ងរ។

- មាត្រា៥៥(១)៖ ត្រូវយកចិត្តទុកដាក់ក្នុងពេលសង្គ្រាម ដើម្បីការពារបរិស្ថានធម្មជាតិពីការខូចខាតរយៈពេលវែង និងធ្ងន់ធ្ងរដោយសារសង្រ្គាម។ ការវាយប្រហារប្រឆាំងនឹងបរិស្ថានធម្មជាតិតាមរយៈការសងសឹកត្រូវបានហាមឃាត់។

ខ. ច្បាប់ឧក្រិដ្ឋកម្មអន្តរជាតិ (International Criminal Law - ICL)

យោងតាមមាត្រា 8(2)(ខ)(iv) នៃលក្ខន្តិកៈទីក្រុងរ៉ូមនៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ការបើកការវាយប្រហារដោយចេតនាដោយដឹងថាការវាយប្រហារបែបនេះនឹងបណ្តាលឲ្យមានការបាត់បង់ជីវិត ឬរបួសដោយចៃដន្យដល់ជនស៊ីវិល ការខូចខាតដល់សម្ភារៈរបស់ជនស៊ីវិល ឬការខូចខាតខ្ទេចខ្ទីនិងធ្ងន់ធ្ងររយៈពេលវែងដល់បរិស្ថានធម្មជាតិ ទាក់ទងនឹងអត្ថប្រយោជន៍យោធាជាក់ស្តែង និងផ្ទាល់ដែលបានរំពឹងទុក គឺជាឧក្រិដ្ឋកម្មសង្គ្រាម។

គ. គោលការណ៍បរិស្ថាន (Environmental principles)
គោលការណ៍ទី 24 នៃសេចក្តីប្រកាសទីក្រុងរីយ៉ូ ស្តីពីបរិស្ថាននិងការអភិវឌ្ឍ (ឆ្នាំ 1992) ទទួលស្គាល់ថា សង្គ្រាមគឺជាការបំផ្លិចបំផ្លាញដល់ការអភិវឌ្ឍប្រកបដោយចីរភាព។ ដូច្នេះ រដ្ឋនានាត្រូវបានតម្រូវឲ្យគោរពច្បាប់អន្តរជាតិ ដែលផ្តល់ការការពារបរិស្ថានក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធ និងត្រូវសហការក្នុងការអភិវឌ្ឍបន្ថែមទៀត តាមការចាំបាច់។

៨. សេចក្ដីសន្និដ្ឋាន និងការអំពាវនាវ៖ ជាសារវ័ន្ត សង្គ្រាមមិនដែលនាំមកនូវផលវិជ្ជមានដល់បរិស្ថានទេ វាតែងបង្កនូវវិនាសកម្មទាំងសត្វ និងទាំងមនុស្សជាតិទាំងមូល។ ក្នុងន័យនេះ រាល់ជម្លោះទាំងអស់ គប្បីប្រើយន្តការចរចា និងគោលការណ៍ច្បាប់ មកដោះស្រាយដោយសន្តិវិធី ដើម្បីរក្សាឱ្យខាងតែបាននូវសន្តិភាព និងសុខដុមរមនីយកម្ម រវាងមនុស្សនឹងមនុស្ស និងមនុស្សនឹងធម្មជាតិ។ 

ការការពារបរិស្ថានក្នុងពេលមានជម្លោះ មិនមែនជាជម្រើសនោះទេ ប៉ុន្តែវាជា កាតព្វកិច្ចមនុស្សធម៌។ យើងត្រូវរួមគ្នាពង្រឹងការអនុវត្តច្បាប់អន្តរជាតិ និងបង្កើនការប្តេជ្ញាចិត្តសកលចំពោះសន្តិភាព៕ ដោយបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន