សតវត្សរ៍ទី២១នេះ ជំនួសឲ្យការគោរពសិទ្ធគ្នា ការតម្កល់ច្បាប់ជាធំ ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងរបៀបរៀបរយក្នុងប្រទេសនីមួយៗ មនុស្សបែរជាកំពុងបង្កើនភាពវឹកវរ ក្នុងការបង្ករភាពអនាធិបតេយ្យទៅដល់ពិភពលោកទៅវិញ។
ជាក់ស្ដែង តាំងពីចុងឆ្នាំ២០២៥ ទើបនឹងឈានចូលដើមឆ្នាំ២០២៦នេះ យើងមើលឃើញថា ពិភពលោកនេះចាប់ផ្ដើមប្រែប្រួល នឹងងាកចេញពីពាក្យថាសន្តិភាព ហើយកំពុងរំកិលទៅរកភាពគ្មានសណ្ដាប់ធ្នាប់ អមដោយរូបភាពវិនាសកម្មនៃសង្គ្រាម។
តួយ៉ាង ស្របពេលដែលប្រទេសជាច្រើនកំពុងព្យាយាមសម្របសម្រួលសង្គ្រាមដ៏រ៉ាំរ៉ៃរវាងរុស្ស៊ីនិងអ៊ុយក្រែន ដែលមិនទាន់មានភាពច្បាស់ការណ៍ថានឹងបញ្ចប់នៅពេលណានោះ ស្រាប់តែភាពតានតឹងផ្ទួនៗគ្នាបានផ្ទុះឡើងជាថ្មី បង្ករទៅជាការគម្រាមដ៏គ្រោះថ្នាក់មួយទៅដល់ជីវិតមនុស្សជាតិ។
ថ្មីៗនេះ ឃើញថាអ៊ីស្រាអែល និងអ៊ីរ៉ង់ចាប់ផ្ដើមសង្គ្រឺតធ្មេញដាក់គ្នាម្ដងទៀត ដោយមេដឹកនាំប្រទេសទាំងពីរនេះព្រមានថា នឹងវាយប្រហារគ្នា ខណៈដែលអាមេរិក ក៏ទើបតែបញ្ចេញសម្រែកព្រមានអ៊ីរ៉ង់ដូចគ្នា លើបញ្ហាដែលប្រទេសនេះនៅតែរឹងទទឹងស្ដារកម្មវិធីផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ។
ហេតុការណ៍ដ៏រន្ទឺមួយទៀតបាននឹងកំពុងធ្វើឲ្យពិភពលោកដាក់ការព្រួយបារម្ភនោះ បន្ទាប់ពីចិនទើបតែធ្វើសមយុទ្ធបាញ់គ្រាប់ពិតគម្រាមជុំវិញដែនកោះតៃវ៉ាន់ ស្រាប់តែថ្មីៗនេះ អាមេរិកសម្រេចបញ្ចេញក្រញ៉ាំពិសរបស់ខ្លួន ក្នុងការសម្រុកវាយប្រហារវេណេស៊ុយអេឡា រហូតចាប់ខ្លួនមេដឹកនាំប្រទេសនេះបាន ដោយប្រើរយៈពេលត្រឹមតែ៣ម៉ោងប៉ុណ្ណោះ។
សកម្មភាពវាយប្រហារដ៏កម្ររបស់អាមេរិក បានធ្វើឲ្យរញ្ជួយដល់មេដឹកនាំពិភពលោកជាច្រើនក្នុងការប្រកាសចេញមកថ្កោសទោសភ្លាមៗ ដូចជា ម៉ាឡេស៊ី កូរ៉េខាងជើង ចិន និងរុស្ស៊ីជាដើម។
ខណៈសភាពការណ៍តានតឹងផ្ទួនៗកើតឡើងស្របពេលគ្នាមិនដាច់ដូចនេះ ធ្វើឲ្យមនុស្សជាតិជាច្រើនកំពុងដាក់ការព្រួយបារម្ភថា ពិភពលោកនេះអាចនឹងលែងមានសុវត្ថិភាពទៀតហើយនាពេលអនាគត។ ហើយប្រទេសតូចៗជាច្រើន កំពុងបង្កើនសមត្ថភាពរបស់ពួកគេ ដើម្បីត្រៀមទប់ទល់នឹងសភាពការណ៍អសន្តិសុខខាងលើរបស់ពិភពលោក ដើម្បីធ្វើជាខែលការពារប្រទេសរបស់ខ្លួន។
ដូច្នេះកិច្ចការសំខាន់បំផុតរបស់ពលរដ្ឋខ្មែរទាំង១៧លាននាក់នៅពេលនេះគឺ «រួមគ្នាសាមគ្គីជាតិខ្មែរតែមួយ» ដើម្បីធ្វើជាខែលដ៏រឹងមាំការពារទឹកដី និងដែនអធិបតេយ្យភាពរបស់ខ្លួន៕




