ភ្នំពេញ៖ ក្នុងឱកាសអបអរសាទរ ខួបទី៤៧ នៃទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០២៦) សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានប្រកាសជាថ្មីនូវការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជា ក្នុងការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន និងស្វែងរកសន្តិភាពប្រកបដោយចីរភាព។ សម្តេចបានសង្កត់ធ្ងន់ថា “កម្ពុជានឹងមិនធ្វើសម្បទានលើអធិបតេយ្យភាព សេចក្តីថ្លៃថ្នូរ និងឯករាជ្យភាពជាតិឡើយ”។
សម្តេចតេជោ បានគូសបញ្ជាក់ថា សន្តិភាព គឺជាតម្លៃខ្ពស់បំផុតសម្រាប់ការអភិវឌ្ឍជាតិ និងការរស់នៅប្រកបដោយសុខដុមរមនា របស់ប្រជាជនកម្ពុជា។ ទោះជាយ៉ាងណា ការស្វែងរកសន្តិភាពនោះ ត្រូវធ្វើឡើងដោយឈរលើគោលការណ៍គោរពអធិបតេយ្យភាព បូរណភាពទឹកដី និងច្បាប់អន្តរជាតិ។
ក្នុងសាររបស់ សម្តេចតេជោ បានរំលឹកអំពីស្ថានការណ៍ថ្មីៗនៅតាមព្រំដែន ថា “កម្ពុជា និងថៃ បានឯកភាពគ្នាអនុវត្តបទឈប់បាញ់ភ្លាមៗនៅនឹងកន្លែង ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មកម្លេះ ដើម្បីបញ្ចប់អរិភាព កាត់បន្ថយភាពតានតឹង និងស្តារទំនុកចិត្តគ្នាទៅវិញទៅមកនៅតាមបណ្តោយព្រំដែន”។
សម្តេចតេជោ បានថ្លែងថា ការអនុវត្តបទឈប់បាញ់ គឺជាជំហានវិជ្ជមានសំខាន់មួយ ក្នុងការបង្កើតបរិយាកាសអំណោយផល សម្រាប់ការបន្តការចរចា និងការដោះស្រាយបញ្ហាដោយវិធីសន្តិវិធី ដោយជៀសវាងការប្រើប្រាស់កម្លាំង និងការបង្កហានិភ័យដល់ជីវិតប្រជាពលរដ្ឋស៊ីវិល។
ជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បណ្តាប្រទេសជាមិត្ត និងដៃគូអន្តរជាតិ ជាពិសេស សហរដ្ឋអាម៉េរិក ប្រទេសចិន និងអាស៊ាន (ក្រោមការសម្របសម្រួលរបស់ប្រទេសម៉ាឡេស៊ី) ដែលបានចូលរួមជួយជ្រោមជ្រែង និងគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។
ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ជនរួមជាតិទាំងអស់ ឱ្យបន្តពង្រឹងស្មារតី សាមគ្គីភាព ឯកភាពជាតិ និងភាពម្ចាស់ការ ក្នុងការការពារជាតិមាតុភូមិ ក៏ដូចជាការរក្សាសន្តិភាព ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនយូរអង្វែង៕ 



