2026-01-07 16:58
28

 

ប៉េកាំង/តៃប៉ិ ៖ កម្ដៅកំហឹងរបស់ចិន លើតៃវ៉ាន់ ប្រៀបបាននិងភ្នំភ្លើងជិតនឹងផ្ទុះ សូម្បីដីរបស់ទីក្រុងប៉េកាំង ក៏មិនខ្ចីអនុញ្ញាឲ្យជាន់ដែរ ។ 

ប្រទេសចិន​ដាក់ទណ្ឌកម្មលើ លើរដ្ឋមន្ត្រីតៃវ៉ាន់២រូបពាក់ព័ន្ធនឹងបាសបោរ“ការបំបែកខ្លួន”ពីចិន ការិយាល័យកិច្ចការតៃវ៉ាន់របស់ប្រទេសចិន បានប្រកាសថា លោកស្រី Liu Shyh-fang រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Cheng Ying-yao រដ្ឋមន្ត្រីក្រសួងអប់រំ ត្រូវបានចុះបញ្ជីឈ្មោះជា “អ្នកតស៊ូមតិឯករាជ្យរបស់តៃវ៉ាន់”។ ដោយហាមឃាត់ពួកគេរួមទាំងក្រុមគ្រួសារ មិនឱ្យចូលប្រទេសចិនមួយជីវិត និងការធ្វើអាជីវកម្មផងដែរ ។ នេះបើតាម Taipei tim ។ 

អ្នកនាំពាក្យការិយាល័យ លោក Chen Binhua ថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង រដ្ឋមន្ត្រីក្រសួងអប់រំ បានប្រព្រឹត្តអំពើគាំទ្រឯករាជ្យរបស់តៃវ៉ាន់ជាច្រើន ដែលធ្វើឱ្យមនុស្សនៅសងខាងនៃច្រកសមុទ្រតៃវ៉ាន់មានការខឹងសម្បារ ហើយមនុស្សជាច្រើនបានរាយការណ៍ពីពួកគេទៅកាន់ការិយាល័យ ហើយអំពាវនាវឱ្យពួកគេត្រូវទទួលទោស។ 

អ្នកនាំពាក្យការិយាល័យ បានចោទប្រកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃតៃវ៉ាន់ ពីបទផ្សព្វផ្សាយ «ទស្សនៈបំបែកខ្លួនឯករាជ្យរបស់តៃវ៉ាន់ដែលមិនសមហេតុផល» ការធ្វើទុក្ខបុកម្នេញលើប្តីប្រពន្ធជនជាតិចិនដែលរស់នៅតៃវ៉ាន់ រារាំងការធ្វើដំណើរ និងការទំនាក់ទំនងឆ្លងច្រកសមុទ្រ។ ចំណែករដ្ឋមន្ត្រីក្រសួងអប់រំតៃវ៉ាន បានតស៊ូមតិដើម្បីឯករាជ្យភាពរបស់តៃវ៉ាន់ ដោយចងក្រងសម្ភារៈបង្រៀនគាំទ្រឯករាជ្យភាព ដោយ «បំពុលចិត្ត» របស់យុវជន និងរារាំងការផ្លាស់ប្តូរការអប់រំឆ្លងច្រកសមុទ្រ។ លោកស្វាគមន៍ប្រជាជនក្នុងការផ្តល់ភស្តុតាងបន្ថែមទៀតអំពីឧក្រិដ្ឋកម្មរបស់រដ្ឋមន្ត្រីទាំង២នេះបន្ថែមទៀត ។

 គេហទំព័រការិយាល័យព្រះរាជអាជ្ញាជាន់ខ្ពស់ចិនបាននិយាយថា រដ្ឋមន្ត្រីក្រសួងអប់រំ ជាអ្នកសម្របសម្រួល ករណីសន្តិសុខជាតិសំខាន់ៗជាច្រើនរបស់តៃវ៉ាន់ ដោយដើរតួជាអ្នកទំនាក់ទំនងរវាងព្រះរាជអាជ្ញា ទីភ្នាក់ងារសន្តិសុខជាតិ យោធា ប៉ូលីស និងឆ្មាំឆ្នេរសមុទ្រ។ សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយនៃសាកលវិទ្យាល័យជាតិ Cheng Kung លោក Hung Chin-fu និយាយថាប្រទេសចិនចាត់ទុកក្រសួងអប់រំ ថាកំពុងបន្ត «លុបបំបាត់ការរើសអើងជាតិសាសន៍»។ ការដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ លើថ្នាក់ដឹកនាំអប់រំ និងកិច្ចការផ្ទៃក្នុងនេះ បង្ហាញថាចិនកំពុងព្យាយាមកាន់តែខ្លាំង ដើម្បីអះអាងពីយុត្តាធិការ របស់ខ្លួនលើតៃវ៉ាន់។​ 

ចំពោះការ​កំណត់​គោលដៅ​លើ​ព្រះរាជអាជ្ញា​ជាន់ខ្ពស់ ចិន​មាន​បំណង​បំភិតបំភ័យ​ សហគមន៍​តុលាការ ធ្វើ​ឲ្យ​ខូច​ឯករាជ្យភាព​តុលាការ ដោយការប្រើ​សម្ពាធ​នយោបាយ ​ដើម្បី​ជះឥទ្ធិពល​ដល់​ប្រព័ន្ធ​តុលាការ​របស់​តៃវ៉ាន់។ ការកំណត់​គោលដៅ​លើ​មន្ត្រី «គាំទ្រ​ឯករាជ្យ» ទាំង​វិស័យ​អប់រំ មហាផ្ទៃ និង​តុលាការ ចិន​កំពុង​ដាក់​កំហុស​លើ​រដ្ឋាភិបាល​គណបក្ស​ប្រជាធិបតេយ្យ​ជឿនលឿន ​ក្រោមហេតុផលការ​ធ្វើ​ទុក្ខបុកម្នេញ​ប្តី​ប្រពន្ធ​ជនជាតិ​ចិន ហើយថា​ប្រព័ន្ធ​តុលាការ​របស់​ខ្លួន​ ​ជា​ការ​បង្ក្រាប​ការ​ប្រឆាំងទៅវិញ។ លោក​បាន​បន្ថែម​ថា ចិន​កំពុង​បង្ហាញ​ពី​ការ​ទាមទារ​របស់​ខ្លួន​លើ​តៃវ៉ាន់​ទៅ​កាន់​សហគមន៍​អន្តរជាតិ និងជាការ​ព្រមាន មន្ត្រី​ណា​ដែល​មិន​បំពេញ​តាម​ការ​រំពឹង​ទុក​របស់​ចិន ​នឹង​ត្រូវ​ទទួល​ទោស៕